សហភាពអឺរ៉ុប (EU) បានប្រកាសពីគោលការណ៍ថ្មីមួយសម្រាប់ការធ្វើដំណើរមកកាន់ក្រុមប្រទេសសមាជិក EU ដោយពលរដ្ឋអាមេរិកទាំងអស់ត្រូវស្នើសុំទិដ្ឋាការជាមុនសិន មុននឹងពួកគេធ្វើដំណើរមកកាន់ក្រុមប្រទេសសមាជិក EU ។ វាជាការបញ្ចប់កិច្ចព្រមព្រៀងដែលតំបន់នេះធ្លាប់បានអនុញ្ញាតឱ្យពលរដ្ឋអាមេរិកអាចធ្វើដំណើរចូលមកតំបន់អឺរ៉ុប ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន ។
ការប្រកាសបែបនេះកើតឡើងដោយសារហេតុផលពាក់ព័ន្ធនឹងការរក្សាសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ ហើយគេនឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីនេះ ចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ ។ ចំពោះពលរដ្ឋអាមេរិកដែលត្រូវការធ្វើដំណើរចូលក្នុងប្រទេសនៅតំបន់អឺរ៉ុប ពួកគេគួរត្រួតពិនិត្យគោលការណ៍ថ្មីនេះ តាមរយៈគេហទំព័រផ្នែកទេសចរណ៍ និងប្រព័ន្ធផ្តល់ទិដ្ឋាការរបស់អឺរ៉ុប European Travel Information and Authorization System (ETIAS) ។ ពួកគេគួរដាក់ពាក្យស្នើសុំទិដ្ឋាការនៅមុនពេលធ្វើដំណើរ ដើម្បីឱ្យពួកគេទទួលបានទិដ្ឋាការទាន់ពេលវេលា ។
ក្រៅពីនេះ សហភាពអឺរ៉ុបបានណែនាំឱ្យពលរដ្ឋអាមេរិកត្រូវស្នើសុំទិដ្ឋាការ មុនពេលពួកគេកក់សំបុត្រយន្តហោះ និងកន្លែងស្នាក់នៅផងដែរ ដើម្បីកុំឱ្យចំណាយប្រាក់ឥតប្រយោជន៍ ក្នុងករណីពួកគេមិនទទួលបានការអនុញ្ញាតទិដ្ឋាការ ។ ចំណែកថ្លៃសេវាកម្មស្នើសុំទិដ្ឋាការ គឺស្មើប្រមាណ៨ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់មនុស្សទូទៅ ។
រយៈពេលចាប់ពីការចុះឈ្មោះស្នើសុំ រហូតដល់ការអនុម័ត និងការទទួលបានទិដ្ឋាការ គឺមិនលើសពី៣០ថ្ងៃទេ ហើយទិដ្ឋាការនេះអាចប្រើប្រាស់បានរយៈពេល៣ឆ្នាំ ។ ពលរដ្ឋអាមេរិកដែលទទួលបានទិដ្ឋាការហើយ ពួកគេអាចមកកាន់ក្រុមប្រទេសសមាជិក EU និងអាចស្នាក់នៅមិនលើសពី៩០ថ្ងៃ ។ ទោះយ៉ាងណា នៅពេលពួកគេធ្វើដំណើរមកដល់តំបន់អឺរ៉ុប ពួកគេអាចមិនទទួលបានការអនុញ្ញាតឱ្យចូលប្រទេសនៅអឺរ៉ុបទេ ប្រសិនបើខ្វះខាតល័ក្ខខ័ណ្ឌតាមតម្រូវការរបស់អាជ្ញាធរអន្តោប្រវេសន៍ក្នុងប្រទេសនោះ ៕ ប្រភព ៖ Mono News










