ប្រទេសហ្វីលីពីន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (The Asian Development Bank: ADB) បានរំពឹងថា នៅឆ្នាំ២០២៣ ហ្វីលីពីននឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅតំបន់អាស៊ាន ហើយផលិតផលក្នុងស្រុកសរុប (GDP) អាចនឹងកើនឡើងស្មើ៦% នៅឆ្នាំ២០២៣ ។ ចំណែកសេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ីនឹងកើនឡើងស្មើ៤,៨%, ម៉ាឡេស៊ី ៤,៧%, សិង្ហបុរី ១,៥%, ថៃ ៣,៥% និងវៀតណាម ៥,៨% ។
ទោះយ៉ាងណា សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើងស្មើ៦,៤% ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដោយសារការវិនិយោគទុនដ៏រឹងមាំរបស់ក្រុមហ៊ុនឯកជន ។ ហេតុនេះ វាបានជំរុញដល់ការជួលកម្លាំងពលកម្មកាន់តែខ្ពស់, ការពង្រីកផ្នែកផលិតកម្ម និងការលក់រាយ ព្រមទាំងការសាងសង់របស់រដ្ឋ និងក្រុមហ៊ុនឯកជនផងដែរ ។
ចំណែកវិស័យទេសចរណ៍របស់ហ្វីលីពីន ក៏បានងើបឡើងវិញផងដែរ ខណៈវិស័យសេវាកម្មគ្រប់គ្រងប្រព័ន្ធអាជីវកម្ម រួមទាំងសេវាព័ត៌មានបានរក្សាកម្រិតលូតលាស់យ៉ាងរឹងមាំ ។ ហេតុនេះ ធនាគារ ADB ប៉ាន់ស្មានថា សេដ្ឋកិច្ចហ្វីលីពីននឹងរីកលូតលាស់រហូតដល់៦,២% នៅឆ្នាំ២០២៤ ។ ជាមួយគ្នានេះ គេរំពឹងថា អតិផរណានឹងឈានដល់៦,២% នៅឆ្នាំ២០២៣ ប៉ុន្តែវានឹងធ្លាក់ចុះនៅត្រឹម៤% នៅឆ្នាំ២០២៤ ។
សម្រាប់កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ានទាំងមូលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីអត្រា៤,៧% មកស្មើត្រឹម៤,៦% នៅឆ្នាំ២០២៣ ។ លើសពីនេះ វានឹងធ្លាក់ចុះពីអត្រា៥% មកស្មើត្រឹម៤,៧% នៅឆ្នាំ២០២៤ ដោយសារការធ្លាក់ចុះនៃតម្រូវការនាំចេញទំនិញនៅទូទាំងពិភពលោក បើទោះជាតម្រូវការនៅក្នុងស្រុកពុំទាន់មានការផ្លាស់ប្តូរ ៕ ប្រភព ៖ AEC connect










