តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ឯនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ។
ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C
និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀង ជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕










