ប្រទេសថៃ ៖ ក្រុមគ្រូពេទ្យនៅប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសមិនគាំទ្រលោក Anutin Charnvirakul ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តទៀត ។ ក្រុមគ្រូពេទ្យលើកឡើងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Anutin ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បានធ្វើឱ្យពួកគេយល់ច្បាស់ថា លោក Anutin មិនសាកសម និងមិនអាចដឹកនាំប្រព័ន្ធសុខាភិបាលថៃទេ ។ លើសពីនេះ លោក Anutin បានអនុញ្ញាតឱ្យយកកញ្ឆាមកប្រើប្រាស់ក្នុងផ្នែកពេទ្យថែមទៀត ។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ពួកយើងជាបុគ្គលិកពេទ្យទាំងអស់មិនចង់ធ្វើការនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirakul ទៀតទេ ព្រោះក្នុងរយៈពេល៤ឆ្នាំកន្លងមកបានពិសោធន៍ឱ្យពួកយើងឃើញថា លោក Anutin មិនសាកសម និងមិនយល់ពីប្រព័ន្ធសុខាភិបាលថៃគ្រប់គ្រាន់ទេ រហូតបណ្តាលឱ្យប្រទេសថៃកើតភាពក្តៅក្រហាយ និងធ្វើឱ្យពលរដ្ឋស្លា.ប់ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។
ក្រុមគ្រូពេទ្យលើកឡើងថា ការបែងចែកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ និងវ៉ាក់សាំងមានប្រសិទ្ធភាព គឺប្រទេសថៃមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឱ្យពលរដ្ឋទេ ។ លើសពីនេះ លោក Anutin បានអនុញ្ញាតឱ្យយកកញ្ឆាមកប្រើប្រាស់ក្នុងផ្នែកពេទ្យ ហើយមានវិធានការឱ្យគ្រូពេទ្យពន្លឿនការចែកចាយកញ្ឆាឱ្យបានតាមក្រសួងសុខាភិបាលកំណត់ ។ មិនតែប៉ុណ្ណោះ មានការយឺតយ៉ាវក្នុងការផ្តល់ថវិកា ដើម្បីលើកកម្ពស់សុខភាពសម្រាប់សិទ្ធិសុខភាពផ្សេងទៀត ។
សេចក្តីថ្លែងការណ៍របស់ក្រុមគ្រូពេទ្យបញ្ជាក់ថា អ្នកមកទទួលសេវាកម្មជាច្រើននាក់ពីមន្ទីរពេទ្យជួបការលំបាកជាខ្លាំង ដូចជា ពួកគេមិនអាចទទួលបានសេវារំលូតកូនដោយសុវត្ថិភាព ។ ក្រសួងសុខាភិបាលអសមត្ថភាពក្នុងការថែទាំបុគ្គលិកពេទ្យ, គ្រូពេទ្យត្រូវទទួលបន្ទុកការងារច្រើន រហូតធ្វើឱ្យគ្រូពេទ្យមួយចំនួនដាក់ពាក្យលាឈប់ពីការងារ ប៉ុន្តែពួកគេទទួលបានការឆ្លើយតបពីលោក Anutin ថា ៖ «សាកសួរនៅពេលនេះ ធ្វើអ្វីមិនបានទេ គឺមានតែប្រមូលរបស់តែម្យ៉ាងប៉ុណ្ណោះ» ។
សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ពួកយើងមិនត្រូវការស្ថិតនៅក្រោមការដឹកនាំរបៀបនេះបន្តទៀតទេ ។ ហេតុនេះ ពួកយើងសូមផ្តាំផ្ញើថា យើងមិនត្រូវការលោក Anutin Charnvirakul ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃទេ ព្រោះគ្រូពេទ្យមិនអាចអត់ធ្មត់បន្ត ៕ ប្រភព ៖ chiangmai news










