ប្រទេសថៃ ៖ លោក Chaturon Chaisang សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សភឿថៃ បានលើកឡើងថា ការជជែកពិភាក្សាគ្នារវាងគណបក្សភឿថៃជាមួយគណបក្សរួមថៃសាងឆាតិ និងគណបក្ស Palang Pracharat គឺគ្មានប្រយោជន៍អ្វីទេ ។ គណបក្សភឿថៃមិនគួរធ្វើបែបនេះ កុំថាឡើយគិតចង់បង្កើតរដ្ឋាភិបាលជាមួយគណបក្សទាំងពីរ ។

គណបក្សកាវក្លៃបានប្រកាសបើកផ្លូវឱ្យគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាល ក្រោយពីតុលាការធម្មនុញ្ញសម្រេចដកសមាជិកភាពសភារបស់មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ។ គណបក្សកាវក្លៃថែមទាំងបានប្រកាសថា គណបក្សភឿថៃត្រូវដឹកនាំបង្កើតរដ្ឋាភិបាលដោយផ្អែកតាមសំឡេងគាំទ្ររបស់ពលរដ្ឋ និងមិនត្រូវសហការជាមួយគណបក្សផ្តាច់ការចាស់ជាដាច់ខាត ។ ប៉ុន្តែផ្ទុយទៅវិញ គណបក្សភឿថៃបានលែងដៃចោលគណបក្សកាវក្លៃ ហើយគណបក្សភឿថៃបានអញ្ជើញគណបក្សនយោបាយផ្សេងៗមកប្រជុំពិភាក្សារកដំណោះស្រាយបញ្ហានយោបាយនៅប្រទេសថៃ និងស្នើឱ្យគណបក្សទាំងនេះជួយបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃផងដែរ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។

កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមក គណបក្សភឿថៃបានប្រជុំជជែកពិភាក្សាជាមួយគណបក្សនយោបាយចំនួន៣ គឺគណបក្សភូមិចៃថៃ, គណបក្សរួមថៃសាងឆាត និងគណបក្សឆាតផាត់តាណាក្លា ដើម្បីរកដំណោះស្រាយពីការជាប់គាំងនយោបាយនៅប្រទេសថៃ ។ ក្រោយមក នៅថ្ងៃទី២៣ ខែកក្កដា គណបក្សភឿថៃក៏បានអញ្ជើញគណបក្សឆាតថៃ ផាត់តាណា និងគណបក្ស Palang Pracharat មកពិភាក្សារួមគ្នាផងដែរ ។

លោក Chaturon Chaisang សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សភឿថៃ បាននិយាយពាក់ព័ន្ធនឹងគណបក្សភឿថៃប្រជុំពិភាក្សាជាមួយគណបក្សនានាថា ៖ «ការពិភាក្សាជាមួយគណបក្សនយោបាយផ្សេងៗ បើតាមគោលការណ៍គណបក្ស វាជារឿងគួរធ្វើ ប៉ុន្តែការពិភាក្សាជាមួយគណបក្សរួមថៃសាងឆាត និងគណបក្ស Palang Pracharat គឺជារឿងដែលគណបក្សភឿថៃមិនគួរធ្វើទេ និងគ្មានប្រយោជន៍ ។ បើគណបក្សភឿថៃពិភាក្សាពីការបង្កើតរដ្ឋាភិបាលជាមួយគណបក្សទាំងពីរនេះ វាកាន់តែមិនគប្បី ដោយសារគណបក្សនយោបាយភាគច្រើនក្នុងចំណោមគណបក្សចំនួន៨ បានប្រកាសយ៉ាងច្បាស់លាស់ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតថា ពួកគេនឹងមិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សទាំងពីរទេ» ។

លោក Chaturon Chaisang បន្តថា រហូតមកដល់បច្ចុប្បន្ន បើគណបក្សភឿថៃអះអាងថា ស្ថានការណ៍នយោបាយផ្លាស់ប្តូរនោះ ក៏មិនមែនជាហេតុផលដែរ ។ គណបក្សនយោបាយទាំងពីរនេះ គឺជាឧបករណ៍នៃការផ្ទេរអំណាចផ្តាច់ការតាំងពីដើមមក ហើយវាគ្មានអ្វីផ្លាស់ប្តូរទេ ។ នាពេលកន្លងមក ពលរដ្ឋថៃបានបដិសេធមិនបោះឆ្នោតគាំទ្រគណបក្សទាំងពីរនេះទេ ហើយពលរដ្ឋត្រូវការឱ្យមានរដ្ឋាភិបាលប្រជាធិបតេយ្យ និងជារដ្ឋាភិបាលមានការទទួលស្គាល់ពីពលរដ្ឋផងដែរ ៕ ប្រភព ៖ Thai news online