ប្រទេសថៃ ៖ ហាងលក់ភេសជ្ជៈជាច្រើនកន្លែងនៅប្រទេសថៃ បានប្រកាសឈប់លក់ភេសជ្ជៈប្រភេទ Mint Chocolate ក្រោយពីភេសជ្ជៈនេះបានល្បីល្បាញនៅក្នុងបណ្តាញសង្គម ។ ពលរដ្ឋថៃជាច្រើននាក់បានប្រកាសឈប់ផឹក Mint Chocolate បន្តទៀត ដោយពួកគេនិយាយថា វាជាភេសជ្ជៈក្បត់មិត្តភក្តិ ក្រោយពី Mint Chocolate មានវត្តមានក្នុងការជជែកពិភាក្សាគ្នារវាងគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ ហើយគ្មានវត្តមានគណបក្សកាវក្លៃ ។

ភេសជ្ជៈ Mint Chocolate គឺជាភេសជ្ជៈមួយប្រភេទ ដែលអ្នកនាង Paetongtarn Shinawatra បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ចូលចិត្តទទួលទាន ។ ភេសជ្ជៈនេះបានក្លាយជាប្រធានបទដែលមានការជជែកគ្នាយ៉ាងខ្លាំងក្នុងបណ្តាញសង្គមថៃ នៅពេលលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឋានៈជាមេដឹកនាំគណបក្សភូមិចៃថៃ បានផឹកភេសជ្ជៈ Mint Chocolate បន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាងគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ ។

ក្រោយពីមានការបង្ហោះរូបភាពគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ ទទួលទានភេសជ្ជៈ Mint Chocolate ជាមួយគ្នាប្រកបដោយទឹកមុខរីករាយមក ធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់សម្តែងការមិនពេញចិត្តជាមួយគណបក្សភឿថៃ ដែលទៅសហការជាមួយគណបក្សផ្សេង និងខុសពីពាក្យសន្យារបស់គណបក្សនេះជាមួយពលរដ្ឋ កាលពីអំឡុងពេលឃោសនាបោះឆ្នោត ។ ហេតុនេះ ពលរដ្ឋថៃបានប្រតិកម្មជាខ្លាំង និងនាំគ្នាឈប់ផឹក Mint Chocolate បន្តទៀត ។

ក្រោយមក ហាងកាហ្វេជាច្រើនកន្លែងបានបង្ហោះរូបភាពក្នុងបណ្តាញសង្គម និងសរសេរថា សូមប្រកាសថា ហាងនឹងឈប់លក់ភេសជ្ជៈប្រភេទ Mint Chocolate ចាប់ពីពេលនេះតទៅ ហើយគ្មានអតិថិជនត្រូវការវាទៀតទេ ។ រីឯហាង ThinkLab creative space and cafe បានបង្ហោះរូបភាព emoji យំនៅក្នុងបណ្តាញសង្គម ដោយសារតែអតិថិជនឈប់ទិញភេសជ្ជៈនេះ ហើយធ្វើឱ្យមនុស្សជាច្រើននាក់ចូលមកបញ្ចេញយោបល់ ។

ហាងមួយក្នុងចំណោមហាងទាំងអស់ដែលប្រកាសឈប់លក់ភេសជ្ជៈ Mint Chocolate បានផ្តល់ហេតុផលថា ហាងជឿថា ពេលនេះ មនុស្សជាច្រើនមិនចង់ផឹកវាទៀតទេ ។ ដូច្នេះ យើងសូមប្រកាសឈប់លក់ភេសជ្ជៈនេះ ហើយសូមអភ័យទោសយ៉ាងខ្លាំងផងដែរ ។ ដូចគ្នានេះ ហាងមួយឈ្មោះ BANN PU KAN cafe ក៏បានប្រកាសឈប់លក់ Mint Chocolate ផងដែរ ដោយហាងប្រកាសថា ហាងនឹងមិនលក់ Mint Chocolate ចាប់ពីថ្ងៃទី២៣ ខែកក្កដា តទៅ ព្រោះវាជាភេសជ្ជៈក្បត់មិត្តភក្តិ ឬជាភេសជ្ជៈធាក់មិត្តភក្តិទម្លាក់ពីលើទូក ។ ដូច្នេះ ហាងយើងមិនចង់លក់វាទៀតទេ ។

ពាក្យថា «ក្បត់មិត្តភក្តិ» ឬ «ធាក់មិត្តភក្តិទម្លាក់ពីលើទូក» គឺហាងលក់ភេសជ្ជៈនានាចង់សំដៅលើគណបក្សភឿថៃ បែរខ្នងដាក់គណបក្សកាវក្លៃ ហើយគណបក្សនេះងាកទៅសហការជាមួយគណបក្សកាន់អំណាចចាស់វិញ ដើម្បីទទួលបានសំឡេងគាំទ្រឱ្យគណបក្សភឿថៃក្លាយជានាយករដ្ឋមន្ត្រីប្រទេសថៃ ៕ ប្រភព ៖ Thairath