សត្វទោចថ្ពាល់លឿងត្រូវបានរកឃើញក្នុងឆ្នាំ ២០១០ ដែលមានវត្តមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ហើយសត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយពីរគីឡូម៉ែត្រ។
សត្វទោចថ្ពាល់លឿង ប្រើការស្រែកហៅនេះសម្រាប់ការទំនាក់ទំនង ការពារទីជម្រក និងស្វែងរកគូដើម្បីបន្តពូជ។
សត្វទោចថ្ពាល់លឿងធំពេញវ័យនិងបន្តពូជបាននៅអាយុដប់ឆ្នាំហើយអាចមានកូនជារៀងរាល់៣ទៅ៤ឆ្នាំម្តង។ ពួកវាបរិភោគផ្លែឈើជាអាហារ ពេលខ្លះស្លឹកឈើ (ខ្ចី ឬចាស់) ផ្កានិងសត្វល្អិត។ បច្ចុប្បន្នសត្វនេះ ត្រូវបានចុះក្នុង បញ្ចី សត្វ ជិត ផុត ពូជ ( IUCN Red List )។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជាសត្វទោចថ្ពាល់លឿង មាន ចំនួន ប្រមាណ ១២០០ ក្បាលនៅដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមទិន្នន័យសិក្សាពីតំបន់ដែនជម្រកសត្វព្រៃនិងឧទ្យានជាតិនៅខេត្តរតនគិរី ចំនួនទោចថ្ពាល់ឡើងបានបង្ហាញវត្តមានជាច្រើនក្រុមដែលវាអាចមានចំនួនច្រើនពាន់ក្បាល។
ក្រុមការងារស្រាវជ្រាវបាននិងកំពុងបន្តការសិក្សាចងក្រងទិន្នន័យ។ សត្វព្រៃទាំងនេះគឺជាសម្បត្តិធម្មជាតិដែល មិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះរបស់ ពិភព លោក។
ទាំងនៅដែនជម្រកសត្វព្រៃកែវសីម៉ា និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាងជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកនេះហើយប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍តាមរយ:ការដើរជូនភ្ញៀវទស្សនាសត្វទោចថ្ពាល់លឿង និងសត្វជាច្រើនផ្សេងៗទៀត ៕










