កោះមួយនៅប្រទេសឥណ្ឌូនេសុី មានទំហំត្រឹមតែ ១២៨ ២៩៧គីឡូម៉ែត្រការ៉េ តូចជាងប្រទេសកម្ពុជាទៅទៀត តែបែរជាមានមានចំនួនប្រជាជនច្រើនជាងកម្ពុជាដល់ទៅ១០ដង។
កោះជ្វា ជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើលោក រហូតដល់១៤៥លាននាក់ នេះបើយោងទៅតាមការជំរឿនកាលពីឆ្នាំ២០១៥។
កោះនេះ ស្ថិតនៅចន្លោះកណ្ដាលរវាងកោះស៊ូម៉ាត្រា និងកោះបាលី ដោយវាមានព្រំប្រទល់ជាប់មហាសមុទ្រឥណ្ឌានៅខាងត្បូង និងសមុទ្រជ្វានៅខាងជើង។ 
កោះធំជាងគេលំដាប់ទី១៣លើលោកនេះ គឺជាទីក្រុងសេដ្ឋកិច្ច និងអរិយធម៌ ដ៏សំខាន់របស់ឥណ្ឌូណេស៊ី ជាពិសេសគឺរាជធានីហ្សាការតាក៏មានវត្តមាននៅទីនោះផងដែរ។
ដោយសារតែជាទីក្រុងសេដ្ឋកិច្ច បានធ្វើឱ្យប្រជាជនឥណ្ឌូនេសុី សមុ្រកនាំគ្នាទៅតាំងទីលំនៅលើកោះនេះ ដែលបានផ្តល់ផលពិបាកដល់រដ្ឋបាល ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង។
នៅក្នុងទសវត្សរ៍ឆ្នាំ៧០ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដំណើរការកម្មវិធី ការផ្លាស់ប្ដូរទីលំនៅប្រជាជនពីលើកោះជ្វា ទៅកាន់កោះផ្សេងៗទៀតដែលមិនសូវមានមនុស្សរស់នៅ ដើម្បីជម្លៀសចំនួនដ៏ច្រើនលើសលប់នៅលើកោះជ្វា។
កាលដើមឡើយប្រជាជននៅលើកោះនេះ មានតែ២ជនជាតិប៉ុណ្ណោះ គឺជនជាតិជ្វា និងជនជាតិស៊ុនដា។ លុះដល់សតវត្សរ៍ទី១៨ ក៏មានវត្តមានជនជាតិម៉ាឌូរ៉ា ដែលដើមឡើយរស់នៅកោះម៉ាឌូរ៉ានៅទិសឦសាន ក៏បានមកតាំងទីលំនៅនៅលើកោះជ្វាផងដែរ។ 
ថ្វីបើមានជនជាតិដល់ទៅ៣ចម្រុះគ្នារស់នៅលើកោះនេះ ក៏ប៉ុន្តែ៩០ភាគរយនៃប្រជាជនទាំងនេះគឺកាន់សាសនាអុីស្លាម។
គូសបញ្ជាក់ផងដែរថា កោះជ្វាក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ី ពីហូល្លង់ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង១៩៤០៕










