ប្រទេសថៃ ៖ គណបក្សភូមិចៃថៃបានលើកឡើងថា មិនឯកភាពក្នុងការបង្កើតរដ្ឋាភិបាលដែលទទួលបានសំឡេងឆ្នោតតិច ហើយគណបក្សនេះនឹងគោរពតាមសំឡេងឆ្នោតរបស់ពលរដ្ឋ ។ គណបក្សនេះលើកឡើងទៀតថា នឹងត្រៀមប្រជែងយកអាសនៈនាយករដ្ឋមន្ត្រីប្រទេសថៃ ប្រសិនបើគណបក្សលំដាប់ទី១ និងលំដាប់ទី២ បង្កើតរដ្ឋាភិបាលមិនបានសម្រេច ។
កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងមក លោក Chada Thaised សមាជិកសភាប្រចាំខេត្តឧទ័យថានី និងជាអនុប្រធានគណបក្សភូមិចៃថៃ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសបុគ្គលសាកសមសម្រាប់កាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ គឺត្រូវឱ្យគណបក្សកាវក្លៃ ដែលទទួលបានសំឡេងឆ្នោតច្រើនលំដាប់ទី១ បង្កើតរដ្ឋាភិបាលសិន ហើយបើបង្កើតរដ្ឋាភិបាលមិនបានទេ ត្រូវទុកឱកាសឱ្យគណបក្សលំដាប់ទី២ គឺគណបក្សភឿថៃ ។ ប៉ុន្តែបើគណបក្សភឿថៃមិនអាចបង្កើតរដ្ឋាភិបាលបាន វាជាឱកាសរបស់គណបក្សផ្សេងទៀត ។ គណបក្សភូមិចៃថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតរដ្ឋាភិបាល បើគណបក្សទាំងពីរនេះធ្វើមិនបានសម្រេច ។
លោក Chada Thaised អនុប្រធានគណបក្សភូមិចៃថៃ លើកឡើងថា ៖ «ពិន្ទុដែលគណបក្សកាវក្លៃទទួលបាននេះ មិនមែនជាពិន្ទុឈ្នះដាច់ទេ និងគ្មានសិទ្ធិផ្តាច់មុខធ្វើជានាយករដ្ឋមន្ត្រីតែឯងទេ ប៉ុន្តែវាជាគោលការណ៍របស់អ្នកនយោបាយដែលទុកឱកាសឱ្យគណបក្សលំដាប់ទី១ សិន ។ បើតាមច្បាប់មិនបានកំណត់ថា គណបក្សលំដាប់ទី១ ត្រូវតែធ្វើជានាយករដ្ឋមន្ត្រី ហើយគណបក្សផ្សេងៗមិនអាចធ្វើនាយករដ្ឋមន្ត្រីនោះទេ» ។
ទោះយ៉ាងណា លោក Chada Thaised បានបដិសេធមិនបញ្ចេញយោបល់ ប្រសិនគេដាក់ឈ្មោះលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត ព្រោះលោកមិនមែនជាអ្នកច្បាប់ ប៉ុន្តែគ្រប់គ្នាក៏មានគោលជំហរក្នុងចិត្តរួចហើយ តើអាចដាក់ឈ្មោះលោក Pita ដូចមុនឬក៏អត់ គឺត្រូវស្តាប់សេចក្តីសម្រេចរបស់គណបក្សជាមុន ។
ប៉ុន្តែសម្រាប់លោកមើលឃើញថា ច្បាស់ហើយដែលត្រូវដាក់ឈ្មោះលោក Pita ជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកក្កដា និងគ្មានអ្វីផ្លាស់ប្តូរទេ ។ បច្ចុប្បន្ននេះ មិនទាន់មានមន្ត្រីតំណាងមកពី៨គណបក្សរួមគ្នាបង្កើតរដ្ឋាភិបាលមកសុំសំឡេងគាំទ្រពីលោកទេ ហើយលោកមិនប្រាកដទេថា ពួកគេបានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្នុងគណបក្សដែរឬអត់ ។
លោកបន្តថា ៖ «យើងបានបោះឆ្នោតគាំទ្រគាត់ហើយកាលពីថ្ងៃទី១៣ ខែកក្កដា ប៉ុន្តែគាត់មិនទទួល ហើយយើងក៏មិនដឹងថាយ៉ាងម៉េចដែរ ។ យើងគាំទ្រគណបក្សកាវក្លៃ ក្នុងលក្ខខណ្ឌមិនពាក់ព័ន្ធនឹងមាត្រា១១២ គឺគណបក្សភូមិចៃថៃនឹងបោះឆ្នោតគាំទ្រ និងមិនចូលរួមជាមួយរដ្ឋាភិបាល ។ រឿងនេះបានបញ្ចប់តាំងពីថ្ងៃនោះមកម៉្លេះ សំណើរបស់យើងចប់ហើយ ប៉ុន្តែគាត់មិនទទួល» ៕ ប្រភព ៖ chiangmai news










