មហាជនអ្នកលេងបណ្តាញសង្គមស្ទើរតែទប់សំណើចមិនចង់ជាប់ក្រោយពីឃើញរូបភាពមុខតារាចម្រៀង វណ្ណដា ត្រូវជាងយកធ្វើជាគម្រូធ្វើក្បាលទីងមោងទុកហែក្នុងរដូវកាលកឋិនទាន។
នាពេលបច្ចុប្បន្ននេះក្បាលទីងមោងមិនធ្វើឱ្យក្មេងៗខ្លាចដូចពេលមុននោះទេព្រោះមានការ Update មុខមាត់ស្អាតបាតតាមការច្នៃប្រឌិតរបស់ជាង។ តួយ៉ាងនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុកមានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីឃើញក្បាលទីងមោងគឺជាមុខរបស់ វណ្ណដា ដែលជាតារាចម្រៀងរ៉េបល្បីឈ្មោះគ្របដណ្តប់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។
នៅលើគណនី ទិកតុកមួយមានឈ្មោះថា Meng បានបង្ហោះវីដេអូទីងមោងរូប វណ្ណដា ដោយម្ចាស់ទិកតុកនេះបានបញ្ជាក់ថានឹងមានការដង្ហែបុណ្យកឋិនទាននៅថ្ងៃទី២៨ ,២៩ ៣០ ខែកក្កដា នេះនៅវត្តទឹកវិល ហៅ ចុងកោះ នៅស្រុកស្អាង ខេត្តកណ្ដាល។
ក្រោយពីឃើញជាងធ្វើក្បាលទីងមោងដែលស្រស់ស្អាតហើយស្រដៀងម្ចាស់រូបហើយនោះអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខំមិនកោតសរសើរទឹកដៃជាងរូបនេះយ៉ាងខ្លាំង ព្រមទាំងលើកឡើងទៀតថា សម័យមុនឃើញទីងមោងរត់ព្រាត តែលើកនេះលែងរត់ហើយព្រោះជារូប វណ្ណដា តារាចម្រៀងល្បីប្រចាំស្រុកខ្មែរ។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែទីងមោងមានរូបភាព វណ្ណដា ប៉ុណ្ណោះទេ តែកន្លងមកជាងធ្វើក្បាលទីងមោងមានការច្នៃប្រឌិតមិនឱ្យមានការខ្លាចដោយបានធ្វើជារូបតារាល្បីៗប្រចាំស្រុកខ្មែរមានដូចជាតារាចម្រៀង ជី ដេវីត , មាស សុខសោភា , ណុប បាយ៉ារិទ្ធ និង មាន សូនីតា ជាដើម មិនធ្វើឱ្យក្មេងៗខ្លាចហើយថែមទាំងទាញចំណាប់អារម្មណ៍មហាជនទៀត៕










