តារាចម្រៀង វណ្ណដា បានបញ្ចប់បេសកម្មរបស់ខ្លួនលើកដំបូងនៅទីក្រុងតូក្យូប្រទេស ជប៉ុនហើយ ក្រោយពីមានការអញ្ជើញតារាល្បីឈ្មោះរូបនេះអង្រួននៅក្នុងក្លិបកម្សាន្តមួយ។ មិនត្រឹមតែប៉ុណ្ណោះ ការចេញទៅច្រៀងនិងសម្តែងរបស់ វណ្ណដា ទទួលបានជោគជ័យខ្លាំងមានអ្នកគាំទ្រយ៉ាងច្រើនកុះករទៅគាំទ្រតារាចម្រៀងរូបនេះ។
នៅយប់ថ្ងៃទី១៦ ខែកក្កដា ជាពេលវេលាមួយរបស់អ្នកគាំទ្រតារាចម្រៀង វណ្ណដា នៅប្រទេសជប៉ុនដែលទន្ទឹមរង់ចាំយ៉ាងយូរ ទីបំផុតក៏បានមកដល់ពោរពេញដោយការរំភើបចិត្តនិងរីករាយយ៉ាងខ្លាំងព្រោះតារាចម្រៀងកម្ពុជាមានឱកាសបានចេញទៅសម្តែងនៅប្រទេសនេះ។
ដ្បិតជាការច្រៀងលើកទីមួយក្នុងទីក្រុងទំនើបនេះរបស់ វណ្ណដា ប៉ុន្តែគេសង្កេតឃើញថាបងប្អូនប្រជាជនខ្មែររស់នៅទីនោះ រួមទាំងជនបរទេសដែលស្គាល់តារាចម្រៀងរូបនេះបានគាំទ្រតារាចម្រៀងរូបនេះយ៉ាងខ្លាំងស្រែកហ៊ោច្រៀងតាម វណ្ណដា ពេញក្លិបកម្សាន្តតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ត្រូវអុ្នកគាំទ្ររបស់ខ្លួនតាមសុំថតរូបជាមួយជាហូរហែរហូតដល់តារាចម្រៀងរូបនេះដាច់ចិត្តសុំអនុញ្ញាតិអ្នកគាំទ្រទៅញុំាអាហារសិនព្រោះរូបគេពុំទាន់បានទទួលទាននៅឡើយទេ។
ការសម្តែងលើកទីមួយនៅប្រទេសជប៉ុនរបស់ វណ្ណដា ទទួលបានជោគជ័យហើយធ្វើឱ្យមិត្តភាពតារាចម្រៀងរ៉េបកម្ពុជា និងតារារ៉េបជប៉ុនកាន់តែបង្កើនភាពស្និទ្ធស្នាល ព្រោះតារាចម្រៀងល្បីឈ្មោះ Awich បានបង្ហាញពីការយកចិត្តទុកដាក់លើ វណ្ណដា យ៉ាងខ្លាំង។ ជាក់ស្តែងមុន វណ្ណដា ចេញទៅសម្តែងនាងបានបង្ហោះបទចម្រៀង ROCKSTAR ឬ HOT BOY II របស់ វណ្ណដា នៅលើបណ្តាញសង្គម ខណៈក្នុងថ្ងៃច្រៀងនៅក្នុងក្លិបតារាចម្រៀងពីររូបនេះថតរូបជាមួយគ្នាយ៉ាងស្រស់ស្អាត ហើយពេល វណ្ណដា ច្រៀងបទ «Time To Rise » តារាចម្រៀងរូបនេះក៏add Story លើបណ្តាញសង្គមរបស់នាងផងដែរ៕










