ប្រទេសថៃ ៖ លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីប្រទេសថៃ បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គមថា បើលោកបានធ្វើអស់ពីសមត្ថភាពហើយ ប៉ុន្តែគ្មានឱកាស គឺលោកនឹងបើកផ្លូវឱ្យគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាលថ្មី ។ ប៉ុន្តែលោក លោក Pita លើកឡើងថា យើងនឹងមិនព្រមចុះចាញ់ឡើយ ។
លោក Pita បាននិយាយក្នុងវីដេអូថា សួស្តី អ្នកទាំងអស់គ្នា ជាដំបូង ខ្ញុំសូមអរគុណដល់សមាជិករដ្ឋសភាទាំង៣២៤សំឡេង ជាពិសេស សមាជិកព្រឹទ្ធសភាចំនួន១៣រូប ដែលបានបោះឆ្នោតគាំទ្រខ្ញុំ Pita Limjaroenrat ឱ្យធ្វើជានាយករដ្ឋមន្ត្រី ។ ខ្ញុំដឹងច្បាស់ថា សមាជិកព្រឹទ្ធសភាជាច្រើនរូបបានប្រឈមនឹងការដាក់សម្ពាធខ្លាំងក្លាក្នុងការសម្រេចចិត្តលើកនេះ ។ ចំណុចសំខាន់បំផុត ខ្ញុំសូមអរគុណកម្លាំងចិត្ត ការគាំទ្រពីពលរដ្ឋទាំងអស់ ប៉ុន្តែសូមអភ័យទោសអ្នកទាំងអស់ផង ដែលយើងមិនទាន់ទទួលបានជោគជ័យ ។
ទោះយ៉ាងណា ក្នុងឋានៈគណបក្សនយោបាយដែលទទួលបានសំឡេងឆ្នោតច្រើនលំដាប់ទី១ ក្នុងការបោះឆ្នោត គណបក្សកាវក្លៃមានភារកិច្ចត្រូវទទួលខុសត្រូវចំពោះពលរដ្ឋ គឺការបង្កើតរដ្ឋាភិបាលឱ្យបាន ។ យើងព្យាយាមធ្វើគ្រប់វិធីសាស្ត្រតាមលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យសំឡេងរបស់ពលរដ្ឋទទួលបានការគាំទ្រ និងការគោរពសំឡេងឆ្នោតពលរដ្ឋ ។
នេះជាការតស៊ូរួមគ្នា ហើយក៏មិនមែនជាការតស៊ូរបស់គណបក្សកាវក្លៃតែមួយទេ ហើយ១៤លានសំឡេងដែលបោះឆ្នោតជ្រើសរើសគណបក្សកាវក្លៃ គឺមិនមែនជាការតស៊ូរបស់គណបក្សនយោបាយចំនួន៨ ដែលតំណាងឱ្យ២៧លានសំឡេងទេ ប៉ុន្តែវាជាការតស៊ូរបស់ពលរដ្ឋថៃនៅទូទាំងប្រទេសដើម្បីបញ្ជាក់ថា សំឡេងឆ្នោតរបស់ពលរដ្ឋត្រូវតែជាសំឡេងកំណត់អនាគតប្រទេសជាតិ ។
សូមយើងដើរទាំងអស់គ្នាបន្តទៀត ដោយបង្កើតរដ្ឋាភិបាលរបស់ពលរដ្ឋឱ្យបាន ប៉ុន្តែពេលវេលារបស់យើងនៅសល់មិនច្រើនទេ ព្រោះខ្ញុំដឹងច្បាស់ថា ប្រទេសថៃដើរទៅមុខទៀតដោយគ្មានរដ្ឋាភិបាលរបស់ពលរដ្ឋបែបនេះមិនបានយូរទេ ។ ក្នុងរយៈពេលមានកំណត់នេះ យើងនៅសល់ឱកាសមិនប៉ុន្មានលើកទៀតទេ ដែលត្រូវតស៊ូរួមគ្នាក្នុងសមរភូមិចំនួន២ ដើម្បីបង្កើតរដ្ឋាភិបាលតាមមតិសាធារណៈឱ្យបានជោគជ័យ ។
សមរភូមិទី១ នឹងកើតឡើងនៅថ្ងៃខាងមុខ គឺការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។ ចំណែកសមរភូមិទី២ គឺជាការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២៧២ ដើម្បីកាត់បន្ថយអំណាចរបស់សមាជិកព្រឹទ្ធសភាជារៀងរហូត ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ។
សមរភូមិទាំងពីរនេះនឹងមិនទទួលជោគជ័យទេ បើយើងមិនអាចធ្វើឱ្យសមាជិកព្រឹទ្ធសភាប្តូរចិត្ត ឱ្យពួកគេគាំទ្រសំឡេងឆ្នោតរបស់ពលរដ្ឋ ។ ហេតុនេះ ខ្ញុំសូមឱ្យពលរដ្ឋគ្រប់រូបរួមគ្នាបំពេញភារកិច្ចជាមួយខ្ញុំក្នុងសមរភូមិទាំងពីរនេះ ដោយការផ្ញើសារទៅសមាជិកព្រឹទ្ធសភាគ្រប់មធ្យោបាយ និងជួយគ្នាអញ្ជើញឱ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាមមតិពលរដ្ឋ ឬបោះឆ្នោតលុបចោលមាត្រា២៧២ ដើម្បីផ្តល់អំណាចឱ្យពលរដ្ឋវិញ ។
បើពួកយើងធ្វើអស់ពីសមត្ថភាពចំពោះសមរភូមិទាំងពីរហើយ ហើយគណបក្សកាវក្លៃគ្មានឱកាសដឹកនាំបង្កើតរដ្ឋាភិបាលបានជោគជ័យ ខ្ញុំសូមបើកឱកាសឱ្យប្រទេសថៃ ដោយបើកផ្លូវឱ្យគណបក្សលំដាប់ទី២ គឺគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាលរបស់គណបក្សចំនួន៨ នៅក្រោមកិច្ចព្រមព្រៀងធ្វើរួមគ្នា (MOU) ហើយអ្នកតំណាងរាស្ត្រមកពីគណបក្សកាវក្លៃគ្រប់រូបនឹងគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ ។
ប៉ុន្តែមុននឹងដល់ថ្ងៃនោះ យើងនឹងមិនព្រមចុះចាញ់ដាច់ខាត ហើយសូមអ្នកទាំងអស់គ្នារួមសហការតស៊ូឱ្យដល់ទីបំផុត ។ ខ្ញុំតែម្នាក់ ឬគណបក្សកាវក្លៃតែមួយ មិនអាចប្តូរចិត្តរបស់សមាជិកព្រឹទ្ធសភា និងឈានទៅបង្កើតរដ្ឋាភិបាលរបស់ពលរដ្ឋបានទេ ។ ហេតុនេះ យើងសូមកម្លាំងចិត្តពីគ្រប់គ្នាសហការបំពេញភារកិច្ចនេះ ដើម្បីឱ្យយើងអាចបង្កើតរដ្ឋាភិបាលរបស់ពលរដ្ឋបានជោគជ័យ ។ អនាគតរបស់គណបក្សកាវក្លៃដើម្បីបង្កើតរដ្ឋាភិបាល គឺស្ថិតក្នុងកណ្តាប់ដៃរបស់អ្នកទាំងអស់គ្នា និងសហការគ្នាផ្ញើសារឱ្យសមាជិកព្រឹទ្ធសភាប្តូរចិត្ត ៕ ប្រភព ៖ Chiang Mai News










