នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះនូវរឿងមួយដែលលោកទើបបានជួបប្រទះលើកទី១នៅក្នុងជីវិតព្រោះតែក្មេងស្រីអាយុ១៣ឆ្នាំម្នាក់។
នៅលើបណ្តាញសង្គមឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «ស្ទើរតែមួយជីវិតរបស់ខ្ញុំទៅហើយទើបតែបានជួបជាលើកទីមួយ នៅពេលខ្ញុំចុះមកដាំកូនឈើនៅក្នុងបរិវេណសាលាបឋមសិក្សាតាម៉ូងផ្អែម ខ្ញុំបានកាច់ធ្មេញឱ្យ កុមារា កុមារីជាច្រើននាក់ដោយឱ្យប្រាក់១០,០០០៛ក្នុងម្នាក់ៗ ចំឡែកតែកុមារី ហួត ស្រីនាថ អាយុ១៣ឆ្នំាបានទទួលប្រាក់យកទៅបាត់មួយសន្ទុះ ស្រាប់តែរត់យកមកឱ្យខ្ញុំ១០,០០០៛វិញហើយប្រាប់ថា ខ្ញុំជូនលុយ១០.០០០៛វិញលោកតាឱ្យខ្ញុំលើស។ ខ្ញុំទទួលយកមកវិញហើយបានថែមលុយពីលើនេះមួយចំនួនទៅឱ្យវិញ ដើម្បីជាការតបស្នងសងគុណនូវអំពើសុចរិតនេះ»។ ខ្ញុំ
ឯកឧត្តម បានបន្តទៀតថា «ខ្ញុំបានឱ្យក្រុមការងារស្រាវជ្រាវរកក្រុមគ្រួសារកុមារីនេះ ឃើញថាម្តាយមានអាយុ៤៦លែងលះគ្នាជាមួយឪពុកទុកកូនឱ្យចំនួន៥នាក់ ស្រី៤នាក់ ប្រុសម្នាក់ ស្រីនាថ ជាកូនទី៣ បងៗ២នាក់បំរើការងារនៅចំការដូងប្រេង។ តាំងពីលែងលះគ្នាមកម្តាយពិបាកចិត្តពេកចេះតែហូបស្រាពេលនេះមានជម្ងឺប្រចាំកាយ ខ្ញុំបានឱ្យក្រុមការងារគណបក្សចំការដូងប្រេង ដឹកយកមកសង្គ្រោះនៅក្នុងមន្ទីរសម្រាកព្យាបាល និង សម្ភព ឧកញ៉ាម៉ុង កែវផុស ព្រឹកថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ២០២៣ នេះរូបខ្ញុំព្រមទាំងក្រុមការងារបានចូលមកសួរសុខទុក្ខ ព្រមទាំងបានជួយផ្តល់ថវិកាមួយចំនួនដល់ម្តាយនិងកុមារីនេះ ព្រមទាំងបានជួយផ្តល់ថវិកាដល់អ្នកជម្ងឺដែលកំពុងតែសម្រាកព្យាបាលផងដែរ»។
ក្រោយពីឃើញទង្វើដ៏ល្អរបស់ក្មេងស្រីខាងលើនេះហើយ សាធារណជនលេងបណ្តាញសង្គមបានចូលទៅខំមិនលើការបង្ហោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កោតសរសើរយ៉ាងខ្លាំងចំពោះ ស្រីនាថ ដែលជាក្មេងគម្រូសម្រាប់ក្មេងឯទៀតយកតម្រាប់តាម៕
.png)










