ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក លោក Chuvit Kamolwisit អតីតអ្នកនយោបាយបានបញ្ចេញមតិក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «ដកថយល្អជាង ថ្ងៃនេះ (ថ្ងៃទី១៣ ខែកក្កដា) ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃបានដឹងលទ្ធផលហើយ ។ វាមិនខុសពីអ្វីដែលខ្ញុំធ្លាប់និយាយទេ គឺគេនឹងរារាំងលោក Pita Limjaroenrat មិនឱ្យធ្វើជានាយករដ្ឋមន្ត្រី ដោយពួកគេមានគំនិតថា បើមានគណបក្សកាវក្លៃ ត្រូវតែគ្មានសមាជិកព្រឹទ្ធសភា» ។
លោក Chuvit Kamolwisit បន្តថា គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ បើទោះជាលោក Pita បានបញ្ជាក់ក្រោយពីលោកទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថា ការតស៊ូនឹងមិនទាន់បញ្ចប់ទេ ហើយលោក Pita ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែលោកមិនព្រមចុះចាញ់ ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ នឹងទទួលលទ្ធផលបរាជ័យដូចដើម ។
លោកបន្ថែមថា គណបក្សកាវក្លៃត្រូវជ្រើសរើសថា យល់ព្រមដកថយរឿងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ដែលច្បាប់នេះពាក់ព័ន្ធនឹងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋចំពោះព្រះមហាក្សត្រថៃ ។ ការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ គឺជាការបែងចែក ហើយវាជាកត្តាសំខាន់ដែលធ្វើឱ្យលោក Pita មិនបានធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ។ ការបង្កើតរដ្ឋាភិបាលមិនចាំបាច់ពឹងផ្អែកជាចម្បងលើកំណែទម្រង់ស្ថាប័នទេ ព្រោះនៅមានរឿងជាច្រើនទៀតដែលរដ្ឋាភិបាលត្រូវបំពេញ ។
លោកបន្ថែមទៀតថា ៖ «ខ្ញុំមានទំនុកចិត្តថា អ្នកបោះឆ្នោតគាំទ្រគណបក្សកាវក្លៃចំនួន១៤លានសំឡេង ពួកគេមិនត្រូវការឱ្យគណបក្សត្រូវតែកែទម្រង់ស្ថាប័នជាជំហានដំបូងទេ ហើយខ្ញុំសោកស្តាយជំនួសគណបក្សកាវក្លៃដែលទទួលបានសំឡេងឆ្នោតច្រើន ខណៈគណបក្សនេះលើកឡើងថា បើមានលោក ប្រាយុទ្ធ ចាន់អូចា គឺគ្មានគណបក្សកាវក្លៃ» ។
បើគណបក្សកាវក្លៃមិនរឹងរូស និងយល់ព្រមធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ វានឹងជាឱកាសរបស់លោក Pita ទទួលបានជោគជ័យធ្វើជានាយករដ្ឋមន្ត្រីថៃ និងធ្វើការបម្រើពលរដ្ឋថៃគ្រប់រូប មិនថាពួកគេបោះឆ្នោតគាំទ្រគណបក្សកាវក្លៃ ឬក៏អត់ ។ មុននឹងហួសពេល គណបក្សកាវក្លៃត្រូវរៀនសូត្រថា តើមានអ្វីសំខាន់សម្រាប់ប្រទេសជាតិខ្លះ ? ហើយគ្មានអ្នកណាអាចធ្វើបានគ្រប់យ៉ាងទេ ជាពិសេសបំផុត វាមិនទាន់ដល់ពេលធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ទេ ហើយវាមិនមែនរឿងតែមួយដែលកាវក្លៃបានសន្យាជាមួយពលរដ្ឋទេ ។
ការប្រកាន់ភ្ជាប់របស់គណបក្សកាវក្លៃលើការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ បើទោះគណបក្សនេះដឹងថានឹងបរាជ័យ ហើយចង់បំពេញតម្រូវការរបស់មនុស្សមួយក្រុមនោះ ហេតុអ្វីគណបក្សនេះខំប្រឹងធ្វើវាម៉្លេះ ? ទាំងដែលគណបក្សនេះអាចប្រាប់ទៅពលរដ្ឋថា គណបក្សកាវក្លៃជារដ្ឋាភិបាលចម្រុះ មិនមែនជារដ្ឋាភិបាលមានបក្សនយោបាយតែមួយទេ ។
លោកបញ្ជាក់ថា ៖ «បើគណបក្សនេះនៅតែប្រកាន់ភ្ជាប់នូវការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ សូមឱ្យការបោះឆ្នោតលើកក្រោយ ពលរដ្ឋត្រូវជ្រើសរើសគណបក្សកាវក្លៃឱ្យបានលើសពាក់កណ្តាលនៃចំនួនសំឡេងឆ្នោតសរុប ។ ខ្ញុំនិយាយនេះ តាមបទពិសោធន៍ធ្វើនយោបាយកន្លងមក និងរកផ្លូវដើម្បីឱ្យគណបក្សកាវក្លៃទទួលបានជោគជ័យធ្វើជារដ្ឋាភិបាល មិនមែនតាមចិត្តខ្លួនឯងទេ ។ ការណែនាំរបស់ខ្ញុំ គឺគណបក្សកាវក្លៃត្រូវយល់ព្រមដកថយល្អជាង ហើយបង្ហាញថា ខ្លួននឹងបោះបង់ចោលការធ្វើវិសោធនកម្មច្បាប់មាត្រា១១២» ៕ ប្រភព ៖ khaosod










