ប្រទេសថៃ ៖ ការបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា របស់លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ គឺជាកត្តាជំរុញឱ្យនយោបាយប្រទេសថៃឈានទៅរកស្ថានភាពតានតឹង ។ សមាជិកព្រឹទ្ធសភាភាគច្រើនជ្រើសរើសយកអនុវវាទ និងមិនបោះឆ្នោតគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្ត្រីទេ ។ ដូច្នេះ វាជាចំណុចសំខាន់ដែលលោក Pita និងសមាជិកគណបក្សកាវក្លៃ ត្រូវរៀបចំផែនការជាថ្មីសម្រាប់ការបោះឆ្នោតរបស់សមាជិកសភា និងព្រឹទ្ធសភា នាពេលបន្ទាប់ ។
លោក Satitorn Thananithichot អ្នកជំនាញមកពីការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ King Prajadhipok’s Institute លើកឡើងថា មូលហេតុដែលលោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងមិនបានទទួលសំឡេងឆ្នោតតាមការគ្រោងទុកនោះ គឺមានបញ្ហានយោបាយ ជាពិសេស សមាជិកព្រឹទ្ធសភាដែលគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកសភាគាំទ្រលោក Prawit Wongsuwan គឺពួកគេមិនបានបោះឆ្នោតគាំទ្រលោក Pita ទេ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺមានសមាជិកព្រឹទ្ធសភាត្រឹមតែ១៣រូបប៉ុណ្ណោះបានបោះឆ្នោតគាំទ្រលោក Pita ខណៈសមាជិកព្រឹទ្ធសភាសរុបមានចំនួន២៥០រូប ។
គេសង្កេតឃើញថា សមាជិកសភា និងព្រឹទ្ធសភាមិនគាំទ្រលោក Pita ឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃ គឺពួកគេបានណាត់គ្នាមិនបោះឆ្នោតគាំទ្រ ហើយក្រុមខ្លះទៀតមិនចូលរួមបោះឆ្នោត ឬមិនចូលរួមប្រជុំ ។ ក្រុមទាំងនេះធ្លាប់បានប្រកាសថា ពួកគេនឹងបោះឆ្នោតគាំទ្រលោក Pita ប៉ុន្តែនៅពេលដល់ថ្ងៃបោះឆ្នោតពិតប្រាកដ បែរជាបាត់មុខពួកគេទៅវិញ ។
សមាជិកព្រឹទ្ធសភាដែលបានបោះឆ្នោតគាំទ្រលោក Pita ភាគច្រើន គឺជាក្រុមដែលគណបក្សកាវក្លៃបានបញ្ចុះបញ្ចូល ប៉ុន្តែសមាជិកព្រឹទ្ធសភាទាំងនេះបានបោះឆ្នោតគាំទ្រលោក Pita ក្នុងចំនួនតិចតួចប៉ុណ្ណោះ ។ ការបរាជ័យក្នុងការបោះឆ្នោតលើកនេះរបស់លោក Pita តម្រូវឱ្យលោករៀបចំផែនការថ្មីជាមួយគណបក្សចូលរួមចំនួន៨ ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីពីសមាជិកសភា និងព្រឹទ្ធសភា នឹងប្រព្រឹត្តឡើងជាលើកទី២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតលើកទី២ គណបក្សកាវក្លៃនឹងចុះឈ្មោះលោក Pita ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីថៃម្តងទៀត ។
* លទ្ធផលបោះឆ្នោតបង្ហាញថា ៖
-សំឡេងគាំទ្រស្មើ ៣២៤សំឡេង (សមាជិកសភា ៣១១រូប និងសមាជិកព្រឹទ្ធសភា ១៣រូប)
-សំឡេងមិនគាំទ្រស្មើ ១៨២សំឡេង (សមាជិកសភា ១៤៨រូប និងសមាជិកព្រឹទ្ធសភា ៣៤រូប)
-អនុបវាទស្មើ ១៩៩សំឡេង (សមាជិកសភា ៤០រូប និងសមាជិកព្រឹទ្ធសភា ១៥៩រូប)
ហេតុនេះ វាបានធ្វើឱ្យការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី១ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនដល់៣៧៥ពិន្ទុ ។ ដូច្នេះ ធ្វើឱ្យលោក Pita មិនជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃទេ ហើយនឹងមានការប្រជុំសភាម្តងទៀត នៅថ្ងៃទី១៩ ខែកក្កដា ៕ ប្រភព ៖ Thairath










