ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បានសម្រេចការសាងសង់ប្រមាណជា៩៨ភាគរយហើយ ដោយនៅសេសសល់គឺជាការងាររៀបចំសម្អាត និងត្រៀមខ្លួនសម្រាប់ទទួលយន្តហោះចុះចតតែប៉ុណ្ណោះ។
ព្រលានយន្តហោះមួយនេះ អាចទទួលយន្តហោះប្រភេទខ្នាតធំ (Boeing) ប៊ូអ៊ីងចុះចតបានដោយរំពឹងថានឹងទទួលបានអ្នកដំណើរបន្ថែមរាប់លាននាក់ទៀតនៅឆ្នាំ២០២៤។
អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបង្ហាញថា៖”បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ កំពុងរៀបចំ ដើម្បីត្រៀមដាក់ដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្រុមហ៊ុនកំពុងទទួលយកបុគ្គលិកពីព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់មកព្រលានយន្តហោះថ្មី មុននឹងព្រលានយន្តហោះចាស់ត្រូវបានបិទ”។
ដោយឡែកសម្រាប់បុគ្គលិកដែលបម្រើការនៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នឹងមកបម្រើការនៅព្រលានថ្មីនឹងត្រូវរក្សាតួនាទីដូចមុនដដែល ឬអាចប្រសើរជាងមុន អាស្រ័យលើការវាយតម្លៃពីសមត្ថភាព។
សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានសមត្ថភាពទទួលយន្តការហោះចុះចតធុនធំប្រភេទប៊ូអ៊ីង ដែលមានចំនួនរហូតដល់ជិត៤០ចំណត អាចទទួលបានអ្នកដំណើរបានពី៧លាននាក់ក្នុងឆ្នាំនេះ និង ១០,៥លាននាក់នៅក្នុងឆ្នាំ២០២៣ និង២០៤០ ខាងមុខ ក៏ដូចជាអាចទទួលជើងហោះហើរបានពី ៥ម៉ឺន ៨ពាន់ជើងក្នុងមួយឆ្នាំ (២០២៣) ទៅ ៨ម៉ឺន ៦ពាន់ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣០ ទៅឆ្នាំ២០៤០៕










