ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែកក្កដា កន្លងមក ក្រុមហ៊ុនថ្មីរបស់ចិនបានបង្ហាញមនុស្សយន្ត Humanoid ក្នុងពិធីប្រជុំមួយស្តីពីបញ្ញាសិប្បនិម្មិតពិភពលោក ប្រចាំឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ ។ ក្រុមហ៊ុនផលិតមនុស្សយន្តលើកឡើងថា វាមានភាពស្រដៀងគ្នានឹងមនុស្សយើងដែរ និងអាចប្រើប្រាស់ក្នុងផ្នែកឧស្សាហកម្មទៀតផង ។
មនុស្សយន្ត Humanoid GR-1 មានកម្ពស់១,៦៥ម៉ែត្រ និងមានទម្ងន់៥៥គីឡូក្រាម ។ វាអាចដើរដោយជើងទាំងពីរក្នុងចម្ងាយផ្លូវ៥គីឡូម៉ែត្រក្នុង១ម៉ោង និងអាចគេចពីវត្ថុនៅបាំងផ្លូវ ព្រមទាំងធ្វើដំណើរឡើង-ចុះប្រកបដោយសុវត្ថិភាព ។ វាអាចគ្រប់គ្រងចលនាដូចមនុស្ស និងលើកវត្ថុផ្សេងៗក្នុងទម្ងន់រហូតដល់៥០គីឡូក្រាម ។
ក្រៅពីនេះ មនុស្សយន្ត GR-1 ក៏អាចមានទំនាក់ទំនងជាមួយមនុស្សផងដែរ ខណៈពេលវាផ្លាស់ទី និងអាចធ្វើការផ្សេងៗទៀតផង ដោយសារគេបំពាក់នូវឧបករណ៍ឆ្លាតវៃ ដែលស្រដៀងគ្នានឹងកម្មវិធី ChatGPT ។ លើសពីនេះ គេក៏អាចយកវាទៅប្រើប្រាស់ក្នុងផ្នែកជាច្រើនដូចជា ផលិតកម្មឧស្សាហកម្ម, ការថែទាំសង្គ្រោះ, ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងសេវាកម្មក្នុងផ្ទះបាយជាដើម ។
Gu Jia ជាអ្នកផលិត និងប្រធានក្រុមហ៊ុន Fourierintelligence បានលើកឡើងថា ការផលិតមនុស្សយន្តលើកនេះ វាដូចគ្នានឹងការផ្លាស់ប្តូរពីកុំព្យូទ័រនៅលើតុ ទៅជាថេបប្លេតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងទូរស័ព្ទស្មាតហ្វូន ។ គេអាចយកមនុស្សយន្តនេះទៅប្រើប្រាស់ក្នុងការងារជាច្រើន ហើយវានឹងក្លាយជាផ្នែកសំខាន់ក្នុងឧស្សាហកម្មនាថ្ងៃអនាគត ៕ ប្រភព ៖ Thai PBS Sci & Tech










