សត្វទាចំនួន៦០០០ក្បាលគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសវៀតណាមត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចុះបង្ក្រាបបានចំនួន២ករណីនៅថ្ងៃទី៥ ខែកក្កដា ដែលបម្រុងចែកចាយទៅខេត្តកណ្តាល និងបន្ទាយមានជ័យ។
ករណីទី១ នៅវេលម៉ោង២២ និង៤២នាទី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់រថយន្ត១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខបន្ទាយមានជ័យ៣A-១៧៣៧ ពណ៌ស ដឹកសត្វទារស់ចំនួន ៣០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រែវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ការចុះឃាត់នេះធ្វើឡើងនៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ករណីទី ២ នៅវេលាម៉ោង២២ និង៥៥នាទី ឃាត់រថយន្តចំនួន១គ្រឿងទៀត ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខភ្នំពេញ៣G ១០០៦ ពណ៌ស ដឹកសត្វទារស់ចំនួន ៣០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តកណ្ដាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ដូចគ្នា។
ករណីទាំងពីរនេះដែលឃាត់បានសត្វទាចំនួន៦០០០ក្បាល ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា ការចុះបង្រា្កបនេះធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង៕










