ប្រទេសវៀតណាម ៖ វៀតណាមបានហាមចាក់បញ្ចាំងភាពយន្តរឿង Barbie របស់អាមេរិកនៅប្រទេសខ្លួនជាដាច់ខាត ព្រោះភាពយន្តនេះបានបង្ហាញនូវផែនទីពាក់ព័ន្ធនឹងភាពជាម្ចាស់កម្មសិទ្ធិរបស់ចិនលើសមុទ្រចិនខាងត្បូង ។ វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឆាំងនឹងការអះអាងជាម្ចាស់កម្មសិទ្ធិរបស់ចិនលើសមុទ្រចិនខាងត្បូង ។
ភាពយន្តរឿង Barbie គឺជារឿងរ៉ាវដកស្រង់ចេញពីតុក្កតាដ៏ល្បីល្បាញមួយ ហើយរឿងនេះនឹងត្រូវដាក់បញ្ចាំងក្នុងរោងភាពយន្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។ ភាពយន្តនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ជាពិសេស អ្នកស្រឡាញ់ Barbie ដែលរង់ចាំឱ្យគេបញ្ចាំងរឿងនេះក្នុងរោងកុន ប៉ុន្តែសម្រាប់ពលរដ្ឋវៀតណាមវិញ នឹងមិនបានទស្សនារឿងនេះទេ ។
តាមសេចក្តីរាយការណ៍ប្រាប់ថា គេមិនទាន់ច្បាស់ថា តើឈុតឆាកមួយណាដែលធ្វើឱ្យវៀតណាមលើកឡើងថា វាជាឈុតឆាកមិនសមរម្យ ប៉ុន្តែគេគ្រាន់តែដឹងថា ខ្សែភាពយន្តនេះបានបង្ហាញនូវផែនទីបុរាណមួយ ខណៈប្រទេសចិនតែងប្រើប្រាស់ផែនទីនេះបង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ។
ប្រទេសចិនបានសាងសង់មូលដ្ឋានទ័ពក្នុងតំបន់នោះអស់រយៈពេលជាច្រើនឆ្នាំ ហើយចិនតែងយាមល្បាតតាមនាវាជានិច្ចដើម្បីព្យាយាមបង្ហាញថា ខ្លួនជាម្ចាស់កម្មសិទ្ធិលើតំបន់នេះ ។ ក្រៅពីប្រទេសចិនហើយ នៅមានប្រទេសផ្សេងទៀតអះអាងថា ពួកគេជាម្ចាស់កម្មសិទ្ធិលើតំបន់នេះដូចគ្នា រួមមាន វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ ។
Barbie មិនមែនជាភាពយន្តតែមួយដែលវៀតណាមបានហាមចាក់បញ្ចាំងនៅប្រទេសរបស់ខ្លួនទេ កាលពីពេលកន្លងមក ក៏មានភាពយន្ត Animation រឿង «Abominable» និងរឿង «Uncharted» ក៏ត្រូវបានវៀតណាមហាមឃាត់ដែរ ដោយសារហេតុផលដូចគ្នានេះ ៕
ប្រភព ៖ beartai










