មហាជនជ្រាបមកហើយជុំវិញរឿងលោក បឺត សំរេច អះអាងថាជាកូនប្រុសឥតខាន់ស្លារបស់អធិរាជសំឡេងមានលោក ស៊ីន ស៊ីសាមុត ខណៈបើស្តាប់ប្រវត្តិរបស់លោក បឺត សំរេចកាន់តែលម្អិតជីវិតរបស់លោកមានរសជាតិល្វីញជូចត់ រងអំពើហិង្សា កំសត់ទុក្ខវេទនាខ្លាំងណាស់ជួបតែរឿងឈឺចាប់នៅក្នុងជីវិត។
រឿងរ៉ាវរបស់អតីតប្រដាល់ លោក បឺត សំរេច ដែលបានចេញមកប្រកាសជាសាធារណនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរថាជាកូនប្រុសបង្កើតឥតខាន់ស្លារបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំង។ទោះយ៉ាងណាមកទលើពេលនេះនៅមិនទាន់មានភស្តុតាងច្បាស់លាស់អ្វីបន្ថែមទៀតដើម្បីបញ្ជាក់លើរឿងនេះឡើយក្រោយការចង់ពិនិត្យ DNA ក៏មិនបានសម្រេច។
ជាមួយគ្នានេះដែរ លោក បឺត សំរេច បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយឯកឧត្តម សៀង ណាំ អតីតចៅហ្វាយខេត្តសៀមរាប ព្រមទាំងរៀបរាប់ដំណើររឿងប្រវត្តិរបស់លោកនៅរាត្រីថ្ងៃទី២៨ ខែមិថុនា តាំងពីម៉ោង៦ល្ងាច រហូតដល់ម៉ោង ២ និង៣០នាទីទៀបភ្លឺ។ តាមការរៀបរាប់របស់លោក បឺត សំរេច ជម្រាបជូនឯកឧត្តម សៀង ណាំ បានឱ្យដឹងថា លោកមានជីដូនឈ្មោះ គូ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងមានជីតាឈ្មោះ ហង់ ជាជនជាតិឡាវ ហើយលោកយាយលោកតាមានកូនស្រីពីរនាក់ឈ្មោះ ធីម រី និងម្នាក់ទៀតឈ្មោះ ធីម វិជ្ជរ៉ា ដែលត្រូវជាម្តាយបង្កើតរបស់លោក។
ដើមឡើយម្តាយរបស់លោក ធីម វិជ្ជរ៉ា ជាគ្រូពេទ្យនាខេត្តកំពង់ឆ្នាំង និងបានប្រឡងជាប់បវរកញ្ញា ព្រមទាំងមានស្វាមីជាអ្នកបើកយន្តហោះនិងបានកូនស្រី១ជាមួយគ្នា។ ជាអកុសលពេលកូនស្រីមានអាយុបួនឆ្នាំ ស្វាមីរបស់ម្តាយលោកក៏ទទួលមរណភាពដោយ រោគាពាធក្លាយជាស្រីមេម៉ាយ។ ៤ឆ្នាំក្រោយ ម្តាយលោក បឺត សំរេច ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយលោក ស៊ីន ស៊ីសាមុតនៅក្នុងឆ្នាំ១៩៧០ រហូតដល់ខែឧសភា ឆ្នាំ១៩៧៣ ម្តាយលោកមានកំណើតលោក បឺត សំរេច ២ខែដែលធ្វើឱ្យផ្ទុះឡើងនិងមិនមានការពេញចិត្តពីភរិយាលោកស៊ីន ស៊ី សាមុត ឈ្មោះ ឈឺន អង្គារ៉ា ឡើយ។.png)
រឿងស្រ្តីទម្ងន់គ្មានស្វាមីនេះ ត្រូវចេញទៅនៅភ្នំពេញទាំងពរពោះបានធ្វើឱ្យតានិងយាយរបស់លោក បឺត សំរេច មិនពេញចិត្តនិងខ្មាសគេជាខ្លាំងរហូតដល់ចង់រំលូនលោកចោលទៀតដោយសារតែខ្មាសគេពេកជីតារបស់លោកក៏សម្រេចចិត្តវិលទៅប្រទេសឡាវផងដែរ និងជីដូនលោក បាននាំម្តាយលោកទៅរស់នៅខេត្តបៃលិនរស់នៅជាមួយបងស្រីឈ្មោះ ធីម រី ។
អំឡុងខែកុម្ភៈ ឆ្នាំ១៩៧៤ ម្តាយលោកឆ្លងទន្លេ កើតបានលោកនេះឯង ហើយជីវភាពគ្រួសាររបស់លោកខ្វះខាតណាស់ មានតែទឹកដោះគោខាប់ និងទឹកស្ករប៉ុណ្ណោះទុកឱ្យលោកហូប ពេលអាយុបានប្រហែលបួនខែ ម្តាយលោកចុះទៅរកស៊ីនៅប្រទេសថៃទុកឱ្យលោក បឺត សំរេច នៅជាមួយបងប្អូនខាងឪពុកនៅក្នុងប្រទេសឡាវ។ ពេលអាយុ៧ខែ លោក ស៊ីនស៊ីសាមុតជាឪពុក បានព្យាយាមតាមជួបម្តាយលោកនិងទទួលខុសត្រូវចិញ្ចឹមបីបាច់ពីរនាក់ម្តាយកូនដោយអង្វរផង យំផង តែម្តាយលោក បឺត សំរេច មិនព្រមទៅរួមរស់ជាមួយលោក ស៊ីន ស៊ីសាមុតវិញឡើយ ខណៈលោក ស៊ីន ស៊ីសាមុត បានផ្តាំម្តាយលោក បឺត សំរេច និងម្តាយធំថាពេលលោកធំឡើងកុំឱ្យលោកចូលសិល្បៈដូចខ្លួន ឱ្យខំរៀន សូត្រ ធ្វើពេទ្យ ប៉ូលីស និងទាហានក៏បានដែរ ។
ក្រោយមកលោក បឺត សំរេច បានវិលមករស់នៅខេត្តបៃលិនវិញជាមួយម្តាយធំ ដោយម្តាយរបស់លោកធ្វើការនៅប្រទេសថៃដដែល តែយ៉ាងណារស់នៅទីនោះបាន៩ខែខ្មែរក្រហមទទួលជ័យជំនះ នៅថ្ងៃ១៧ មេសា ១៩៧៥ ម្ដាយចិញ្ចឹម និងគ្រួសារបាននាំលោករត់ភៀសខ្លួនទៅ នៅខេត្តត្រាត ប្រទេសថៃ។ ពេលអាយុ១០ឆ្នាំ កុមារ បឺត សំរេច ត្រូវបានឪពុកចិញ្ចឹមយកទៅធ្វើការមើលគោឱ្យគេ រួមទាំងរងអំពើហិង្សាពីឪពុកចិញ្ចឹមយ៉ាងខ្លាំងចាប់ដៃខាងឆ្វេងរបស់កុមារ បឺត សំរេច ជ្រលក់ក្នុងឆ្នាំងទឹកក្ដៅបណ្ដាលឱ្យរលាករលួយដៃ។ នៅទីបំផុតម្តាយចិញ្ចឹមលោក បឺត សម្រេច បានប្រាប់រឿងរ៉ាវទាំងអស់ថាលោកគឺជាដំណាក់ឈាមរបស់លោក ស៊ីន ស៊ីសាមុត និងប្អូនស្រីរបស់ខ្លួន ឈ្មោះ ធីម វិជ្ជរ៉ា។ បន្ទាប់ពីជួបគ្នាហើយម្តាយចិញ្ចឹម លោក បឺត សំរេច សម្រេចចិត្តឱ្យកូន រស់នៅជាមួយម្តាយបង្កើតវិញ តែនៅទីនោះក៏បានសុខ ត្រូវឪពុកចុងវៃទាត់ធាក់ធ្វើបាបជាងនៅជាមួយឪពុកចិញ្ចឹមទៀត រយៈពេលពីរខែក៏សម្រេចចិត្តទៅនៅជាមួយម្តាយចិញ្ចឹមវិញនិងទៅស៊ីឈ្នួលឃ្វាលគោដដែល។
២ឆ្នាំក្រោយដោយសារឪពុកចិញ្ចឹមធ្វើបានលោក បឺត សំរេច និងមិត្តភក្តិឃ្វាលគោម្នាក់ទៀតបានលួចរត់តគេចទៅធ្វើការនៅកសិដ្ឋានចិញ្ចឹមគោក្បែរក្រុងបាងកកវិញ រហូតសន្សំលុយបានខ្លះទៅលេងម្តាយចិញ្ចឹមតែក៏ត្រូវឪពុកចិញ្ចឹមវាយចំស្នៀតផ្កា ប្រកាច់សន្លប់ ដោយសារតែភ្លេចដាំបបរហើយមានស្នាមដល់សព្វថ្ងៃ។ ១ឆ្នាំក្រោយមកដោយសារឪពុកចិញ្ចឹមបានស្លាប់ ម្តាយចិញ្ចឹមក៏រស់នៅម្នាក់ឯងរូបគេក៏ត្រលប់មករស់នៅជាម្តាយចិញ្ចឹមវិញ ព្រមទាំងមានបំណងទៅលេងម្តាយបង្កើតដែរ តែជាអកុសលម្តាយបង្កើតបានស្លាប់ហើយនៅតែសល់តែកូនស្រីៗរបស់គាត់បីនាក់។
បន្ទាប់មក បឺត សំរេច មកធ្វើជាកម្មកររែងត្បូង បាន៦ខែ សន្សំលុយបានមួយចំនួន ម្តាយចិញ្ចឹមក៏លោកឱ្យមករស់នៅខេត្តបាត់ដំបង ដោយបានទិញដីមួយកន្លែងតម្លៃ២ជី នៅភូមិផេះ ជិតស្ថានីយ៍រថភ្លើងខេត្តបាត់ដំបង ហើយសង់ផ្ទះរស់នៅលើដីនោះ។ នៅវ័យ១៦ឆ្នាំលោកហាត់ប្រដាល់ផង រៀនអក្សរផង លក់ដូរទឹកតែ បារី ពងទាស្ងោរ មីឆុង រែកលក់តាមទូរថភ្លើង និងឡើងប្រដាល់ម្តងៗ។ ៤ឆ្នាំក្រោយមកលោក បឺត សំរេច បានទៅធ្វើជាកម្មកររែងត្បូងនៅប៉ៃលិន និងឧស្សាហ៍ច្រៀង និងប្រាប់គេថាជាកូនលោក ស៊ីន សាមុត អ្នកចម្រៀងសំឡេងមាស តែគ្មានអ្នកណាគេជឿទេ។ លុះក្រោយមករស់នៅប៉ៃលិនរយៈពេល
៣ឆ្នាំនៅកំសត់ដដែលក៏សម្រេចចិត្ត ត្រលប់មកជួបម្ដាយចិញ្ចឹមនៅកំពឹងពួយវិញ ដើម្បីសុំ ទៅធ្វើជាអ្នកប្រដាល់ក្នុងក្លិបឡុងសារ៉ាវន នៅក្រុងភ្នំពេញ។
ពេលមកហាត់រៀនលោក បឺត សំរេច ឧស្សាហ៍ឡើង ប្រដាល់តាមស្ថានីយទូរទស្សន៍នានា ព្រមទាំងសន្សំលុយបានខ្លះយកទៅទិញដី និងផ្ទះតម្លៃមួយតំឡឹងកន្លះ នៅភូមិស្រះកែវ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ហើយក៏ទៅយកម្ដាយចិញ្ចឹមនៅអាងកំពឹងពួយយកមករស់នៅភូមិនេះវិញ។ ពេលហាត់ប្រដាល់លោកបានប្រាប់អ្នកផ្សេងថាលោកគឺជាកូនលោក ស៊ីន សាមុត ប៉ុន្តែគ្មានអ្នកណាគេជឿទេថែមទាំងនិយាយទៀតថាលោកចង់ល្បី។
នៅឆ្នាំ២០០៤ កីឡាករប្រដាល់ បឺត សំរេច ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង មិនអាចឡើងប្រដាល់បានទៀត។ ពេលជាជើងហើយ លោកក៏ត្រលប់ទៅធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមសេះ នៅប៉ាតាយ៉ា ប្រទេសថៃ។ នៅឆ្នាំ២០១១ លោក បានរៀបការនៅប្រទេសថៃ ហើយមានកូនបី ស្រី១ប្រុស២។ ពេលកូនប្រុសពៅ អាយុបាន៣ឆ្នាំ ប្រពន្ធរបស់លោករត់ចោលទៅយកប្តីថ្មី។
នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣ លោក បឺត សំរេច បានទាក់ទងជាមួយលោក មាស ជីវ៉ា ដើម្បី សុំឡើងច្រៀងនៅកម្មវិធី ចម្រៀងគ្រួសារខ្មែរ។ លោក មាស ជីវ៉ា ក៏បានទាក់ទងទៅលោក អ៊ុក ណារី ហើយក៏អនុញ្ញាតឱ្យឡើងច្រៀងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៣។ ហើយដំណើររឿងដែលប្រកាសជាកូនឥតខាន់ស្លា អធិរាជសំឡេងមាស លោក ស៊ីន សាមុត បានផ្អើលចាប់ពេលនោះមក។
ក្រោយពីស្តាប់តាមការរៀបរាប់នេះ ឯក សៀង ណាំ និងភរិយាជូនជាថវិកាចំនួន២០០០ដុល្លារ ដល់លោក បឺត សំរេច សព្វថ្ងៃមានការខ្វះខាតក្នុងជីវភាពរស់នៅ ហើយពេលនេះម្ដាយចិញ្ចឹមក៏ឈឺទៀត៕










