នាក្នុងពិធី បើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈទី៧ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យពលរដ្ឋទាញយក App មួយនេះ ដើម្បីកុំពលរដ្ឋពឹងពាក់អ្នករត់ការក្នុងការស្នើសុំធ្វើកិច្ចការអ្វីមួយ ដូចជាស្នើសុំផ្លាស់ប្ដូរប័ណ្ណបើកបរជាដើម។
ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ App ថ្មីមួយទៀតមានឈ្មោះថា “Public Service Tracking” ដែលសាធារណជន អាចប្រើប្រាស់កម្មវិធីលើទូរស័ព្ទនេះ ដើម្បីតាមដានពីដំណើរការនៃការស្នើសុំអ្វីមួយ ដូចជាការស្នើសុំកាត់ឈ្មោះយានយន្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងថា៖”ពីដើម អ្នកស្នើសុំ មិនអាចដឹងអ្វីទាំងអស់ចំពោះដំណើរការ ក្រោយបានដាក់ការស្នើសុំរួចរាល់។ ក៏ប៉ុន្តែឥឡូវនេះជាមួយ Mobile App ខាងលើ គឺសាធារណជន តាមដានដំណើរការតាមដំណាក់កាលនីមួយៗ ចាប់តាំងពីថ្ងៃដាក់ពាក្យស្នើសុំ រហូតដល់ថ្ងៃទទួលលទ្ធផល។ ដូច្នេះហើយ ពលរដ្ឋ មិនចាំបាច់ប្រើប្រាស់អ្នករត់ការឱ្យទៀតនោះទេ តែអាចធ្វើបានដោយខ្លួនឯង”។
ឯកឧត្តមសង្កត់ធ្ងន់ថា៖” បើយើងឱ្យគេធ្វើឱ្យ គាត់យកថវិកាយើងច្រើន ហើយមានការយឺតយ៉ាវផង ដូច្នេះបើយើងធ្វើខ្លួនយើង ហើយយើងមានទាំង Mobile App ដើម្បីស្កេន យើងតាមដានដឹងទាំងអស់ ឯកសារទៅដល់យើងតាមដានដឹងទាំងអស់ សូមកុំទៅប្រើសេវាក្រៅផ្លូវការ ដែលធ្វើឱ្យយើងចំណាយថវិកាច្រើន ក្នុងការស្នើប័ណ្ណបើកបរ ផ្ទេរកម្មសិទ្ធិ ។










