នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បានចេញបញ្ជាដាច់ណាច់ឱ្យប្រើប្រាស់អាវុធគ្រប់ធុន បាញ់យន្តហោះគ្មានមនុស្សបើក ឬ ហៅថាដ្រូន ដែលហោះចូលមកទឹកដីកម្ពុជា ខណៈកាលពីយប់មិញមានយន្តហោះ ៥គ្រឿងទៀតបានហោះចូលមក។
សម្ដេចតេជោ បានមានប្រសាសន៍ថា៖ “ម្សិលមិញខ្ញុំបានចេញបងបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជូនកម្លាំងឱ្យយុទ្ធភូមិភាគទី១ ដោះស្រាយបញ្ហា អំបាញ់មិញបញ្ជាហើយ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ វង្ស ពិសេន ដំឡើងអាវុធគ្រប់ធុនទាំងអស់ នៅភូមិភាគទី១ ខណៈកាលពីយប់មិញ មានដ្រូនមក ៥គ្រឿងទៀត ក៏ប៉ុន្តែអស់លោកសូម្បីអាវុធផ្ទុះមួយគ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រឹមយក CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំនោះ ឥលូវឡើងទៅហើយ អាកាំជ្រួចសម្រាប់បាញ់យន្តហោះ ប៉ុន្តែវាមិនគ្រប់ទេ ដីរបស់យើងវាធំ ជួនកាលវាហោះគេច ចឹងទេអស់លោកដំឡើងទៅ កាំភ្លើងយើងតាំងពីអា ៣០មីលីម៉ែត្រ អា ១២ម៉ែត្រក៏ដាក់ អា ២៣ម៉ែត្រ ក៏ដាក់ និយាយរួមបាញ់តែម្ដង ចាប់ពីល្ងាចនេះទៅ បើលោកឯងមិនផ្ទុះអាវុធគឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗគេចូលប៉ុន្មានថ្ងៃត្រឹមតែបាញ់ ២ ៣ គ្រាប់ CKC ហើយយកទៅបាញ់ផេះអី។ យប់មិញចូលមក ៥គ្រាប់ទៀត អត់មានអ្នកបាញ់ ហើយដោយសារតែអត់បាញ់នឹងហើយទើបវាចេះតែព្រហើនចូល ចឹងលោកឯងដាក់សំណាញ់មេឃទៅ ធ្វើតាមក្បួនរបស់ខ្ញុំសំណាញ់មេឃ បាញ់ពីក្រោមចំណាយ ២លាន ២លានគ្រាប់ចោលទៅ គង់អីមិនត្រូវ”។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖”ខ្ញុំសូមព្រមានប្រទេសណាក៏ដោយ ដែលឱ្យយន្តហោះគ្មានមនុស្សបើកមកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា គឺបើយើងស៉ើបអង្កេតបាន គឺយើងប្ដឹងទៅអង្គការសហប្រជាជាតិ ហើយខ្ញុំសូមបញ្ជាក់ថា កម្លាំងអង្គភាពណាបាញ់ធ្លាក់ដ្រូន ១គ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីខ្ញុំចង់ដឹងថា ដ្រូនហ្នឹង វាចេញពីណាឱ្យប្រាកដ”៕










