Home ព័ត៌មានអន្តរជាតិ ផ្ទះស្រោបមាសដ៏អស្ចារ្យរបស់ប្រទេសវៀតណាមទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

ផ្ទះស្រោបមាសដ៏អស្ចារ្យរបស់ប្រទេសវៀតណាមទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

210
0

វៀតណាម៖ ប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម សូមកុំភ្លេចកន្លែងទេសចរដ៏មានប្រជាប្រិយភាពបំផុតនៅទីក្រុង Can Tho ដែលជាផ្ទះស្រោបមាសសុទ្ធទាំងមូលរបស់ប្រទេសវៀតណាម។

ផ្ទះស្រោបមាសសុទ្ធនេះ មានទីតាំងស្ថិតនៅទីក្រុង Can Tho ដែលមានចម្ងាយប្រហែល ១៦៥ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងហូជីមីញ។ ផ្ទះនេះដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ២០២០ នៅពេលដែលមហាសេដ្ឋីជំនួញលោក Nguyen Van Trung បានទិញ និងកែលម្អវាជាមួយនឹងជញ្ជាំងមាសភ្លឺចែងចាំង ជណ្តើរស្រោបមាស បង្គន់អនាម័យមាស ចម្លាក់មាស និងសូម្បីតែផ្ទះបាយក៏សុទ្ធតែស្រោបមាសទាំងអស់ រួមទាំងគ្រឿងសង្ហារិមមាសរាប់រយគ្រឿងសម្រាប់អ្នកទស្សនាគយគន់ផងដែរ។

លើសពីនេះ Golden House ក៏មានកាហ្វេ និងអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង ដូច្នេះភ្ញៀវអាចសម្រាកកំសាន្តនៅខាងក្រៅជាមួយនឹងកាហ្វេ ឬអាហារសម្រន់ ខណៈពេលដែលបានគយគន់ទេសភាពធម្មជាតិនៅខាងក្រៅផ្ទះនិងរុក្ខជាតិប្លែកៗជាច្រើនទៀតផងដែរ។ Golden House មានគោលបំណងចង់ឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ដ៏ប្លែកអស្ចារ្យហាក់បីដូចជារស់នៅក្នុងព្រះបរមរាជវាំង។

គួរបញ្ជាក់ដែរថា ផ្ទះស្រោបមាសសុទ្ធដ៏អស្ចារ្យរបស់វៀតណាមនេះមានបីជាន់ នឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:00 ព្រឹកដល់ ៦:00 ល្ងាច សម្រាប់ថ្លៃសំបុត្រក្នុងម្នាក់ចំនួន ៤០០០០ ដុង ស្មើនឹងជិត ២ ដុល្លារអាមេរិក៕