ពិតជាមិនធម្មតាមែននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣មិនត្រឹមតែមានបេក្ខភាពជាជនជាតិខ្មែរចូលរួមប្រកួតតែប៉ុណ្ណោះទេ តែរដូវកាលនេះមានទាំងជនជាតិកូរ៉េមកប្រកួតទៀតដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនារីកូរ៉េរូបនេះអាចនិយាយភាសាខ្មែរបានយ៉ាងល្អ រីឯសំឡេងទៀតសោតកាន់តែមិនធម្មតាទាក់ទាញ Coach ទាំង៤បង្វិលកៅអីហើយថែមទាំង Coach កញ្ញាត្រូវ Coach ប៉ាយ៉ារិទ្ធ blocked ថែមទៀត។
សប្តាហ៍ទី៣ វគ្គ Blind Auditions បានឈានមកដល់ដោយមានបេក្ខជន បេក្ខនារី ជាច្រើនចូលរួមប្រកួតមានទាំងអ្នកជោគជ័យនិងមិនជោគជ័យ។ ក្នុងនោះបេក្ខនារី ហ៊ូអ៊ីន ហ្វាង អាយុ២៣ឆ្នាំ ជាជនជាតិកូរ៉េក៏មកប្រកួតនៅក្នុងកម្មវិធីផងដែរដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ ហ៊ូអ៊ីន បានសម្រេចចិត្តជ្រើសបទជាភាសាអង់គ្លេស «When We Were Young»មកប្រកួត។
អ្វីដែលកាន់តែពិសេស Coach កញ្ញា ត្រូវ Coach ប៉ាយ៉ារិទ្ធ ចុច Blocked ដែលសិទ្ធនេះ Coach ទាំង៤ ប្រើបានតែម្តងប៉ុណ្ណោះក្នុងមួយរដូវកាល ខណៈ Coach ដែលទទួលបានប៊ូតុង Blocked នេះហើយមិនមែនឱកាសដណ្តើមបេក្ខភាពមកធ្វើជាកូនក្រុមឡើយ។
តាមការបញ្ជក់របស់ ហ៊ូអ៊ីន ហ្វាង បានឱ្យដឹងថាមូលមូលហេតុដែលសម្រេចចិត្តចូលរួមប្រកួត The voice Cambodia ដោយសារតែនាងស្រលាញ់វិស័យសិល្បៈចម្រៀងទើបចង់មកបញ្ចេញសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះ នារីកូរ៉េរូបនេះនិងគ្រួសារបានមករស់នៅប្រទេសកម្ពុជារយៈពេល១០ឆ្នាំហើយ ខណៈរូបនាងក៏អាចនិយាយភាសាខ្មែរបានយ៉ាងល្អព្រមទាំងបង្ហាញថានាងចូលចិត្តអាម៉ុកខ្មែរទៀត និងអាហារពេលព្រឹកដូចជាបាយសាច់ជ្រូក និងគុយទាវ និងអាហារខ្មែរជាច្រើនទៀតគឺ ហ៊ូអ៊ីន ចូលចិត្តទាំងអស់។
គួរបញ្ជាក់ផងដែរថា ដ្បិតតែ Coach ណុប ប៉ាយ៉ារិទ្ធ ប្រើសិទ្ធពិសេសរបស់ខ្លួនមានតែម្តងក្នុងមួយរដូវកាលនេះក្តីតែនៅទីបញ្ចប់ ហ៊ូអ៊ីន សម្រេចធ្វើជាកូនក្រុមរបស់ Coach ពេជ្រ សោភា៕










