ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីធ្លាយដំណឹងថាតារាស្រី ឌី សូនិត្តា និង ណាន វីសារ ភ្ជាប់ចំណងស្នេហ៍ព្រមទាំងបង្ហោះរូបភាពស្អិតរមួតជាគ្នា ខណៈងាកទៅបណ្តាញសង្គមរបស់តារាស្រី សេង សុខឃីម វិញក៏បានបង្ហោះរូបភាពកៀកកើយជាមួយ អេឡិច ហ្សូរ៉ា ដូចគ្នា។
តាមរយៈផេកគាំទ្របវរកញ្ញាមួយបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់តារាស្រី ឌី សូនិត្តា និងតារាចម្រៀង ណាន វីសារ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ព្រមទាំងមាន Caption បញ្ជាក់ថាជាការណាត់គ្នាលើកទី១របស់អ្នកទាំងពីរ ព្រមទាំងត្រៀមដឹកដៃគ្នាចូលរោងទោះខាងស្រីមានវ័យច្រើនជាងខាងប្រុស១០ឆ្នាំក៏ដោយ។ ការបញ្ជាក់ដូចនេះក៏មានរូបភាពអ្នកទាំងពីរស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងទាំងមានរូបភាពថើបគ្នាទៀតដែលធ្វើឱ្យមហាជនខ្លះក៏ជឿ និងខ្លះមិនជឿព្រមទាំងលើកឡើងទៀតថា គ្រាន់តែជាការសម្តែងរបស់អ្នកទាំងពីរប៉ុណ្ណោះហើយរូបភាពនោះក៏អាចជាផ្នែកមួយនៅក្នុង MV ចម្រៀងថ្មីប៉ុណ្ណោះ។
មានការលើកឡើងផ្សេងៗគ្នាងាកទៅកាន់លោក ណាន វីសារ វិញ បានបង្ហោះរូបភាពភ្ជាប់ជាមួយសំណេរថា «យើងមិនអាចផ្លាស់ប្តូរអតីតកាលបានទេ តែចែអាចកសាងអនាគតថ្មីជាមួយ boy Dy Sonita សុំច្បាស់លាស់ជាមួយអូនហើយ»!។
ទន្ទឹមនឹងមានដំណឹងស្នេហាស្រពិចស្រពិលរវាង ឌី សូនិត្តា និង ណាន វីសារ ងាកទៅកាន់បណ្តាញសង្គមអ្នកនាង សេង សុខឃីម វិញក៏បានបង្ហោះរូបភាពកៀកកើយជាមួយ អេឡិចហ្សូរ៉ា ដូចគ្នា។ ជាមួយរូបភាពស្និទ្ធស្នាលនេះ សេង សុខឃីម បានភ្ជាប់ជាមួយខ្លឹមសារថា «មិនជឿកុំប្រមាថ ការជួបនឹងបែកវាជារឿងធម្មតា» ខណៈការបង្ហាញនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមកំពុងស្រពិចស្រពិលដូចគ្នាថាពួកគេផ្តើមស្នេហ៍ជាមួយគ្នាឬគ្រាន់តែបង្ហោះរូបភាពរាប់អានគ្នាធម្មតា។
យ៉ាងណាមិញ គូស្នេហ៍ទាំងពីរគូខាងលើនេះកំពុងធ្វើឱ្យមហាជនផ្តើមមើលសកម្មភាពរបស់ពួកគេតើជាការពិតឬគ្រាន់តែជាការសម្តែងមួយពេលរបស់អ្នកទាំង៤៕











