ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា បានជូនដំណឹងថាកូនផ្សោតទី៤ក្នុងឆ្នាំ២០២៣ បានប្រទះឃើញនៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលកូនផ្សោតទី៤នេះមានអាយុប្រមាណ៥ថ្ងៃ។
ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។ ក្រុមការងារប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។.png)
គួរបញ្ជាក់ផងដែរថា តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានកត់ត្រាកូនផ្សោតចំនួន៤ហើយ ខណៈក្នុងឆ្នាំ២០២១ និង ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា៕










