នេះជាលើកដំបូងហើយដែលតារាចម្រៀង ជី ដេវីត មានឱកាសសម្តែងបទ «មហានគរ »ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនបានសម្តែងនៅក្នុងជំនួបបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាមួយបង់ក្លាដេស។ អ្វីដែលមហាជនកាន់តែរំភើបចិត្តចំពោះផ្ទាំងទស្សនីយភាពចំនួន៧ក្នុងបទនេះប៉ុណ្ណោះទេ តែមុនពេលសម្តែងផ្ទៃមេឃបញ្ចេញរស្មីយ៉ាងស្រស់ស្អាតមានទាំងឥន្ទធនូទៀតកាន់តែមានភាពអស្ចារ្យខ្លាំងណាស់។
នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាជាមួយបង់ក្លាដេសបានបញ្ចប់ហើយជាមួយលទ្ធផលច្រំដែលគឺម្ចាស់ផ្ទះចាញ់ភ្ញៀវ១ទល់០។ ក្នុងការប្រកួតនេះទៀតសោត តារាចម្រៀង ជី ដេវីត ម្ចាស់បទ «មហានគរ» ក៏បានសម្តែងបទនេះជាលើកដំបូងរបស់ខ្លួនផងដែរនៅពេលការប្រកួតបញ្ចប់តង់ទី១។ ជាមួយការសម្តែងលើកដំបូងនេះ លោក ជី ដេវីត ទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមដូចគ្នាថាផ្ទាំងទស្សនីយភាពដែលមានដូចជា៖ កូរសមុទ្រទឹកដោះ ,អប្សរា,ម្ករ ,ល្ខោនខោល ,គុនល្បុក្កតោ ,ផ្កាយសំណាង កាន់ទង់ និង គ្រុឌ ពិតជាអស្ចារ្យខ្លាំងណាស់។
មិនត្រឹមតែផ្ទាំងទស្សនីយភាពនៅក្នុងបទ «មហានគរ» ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែមហាជនក៏ចាប់អារម្មណ៍ចំណុចមួយទៀតនោះគឺផ្ទៃមេឃមានភាពស្រស់ស្អាតប្លែកតែម្តងនៅក្នុងថ្ងៃនោះ។
មុនពេលឈានដល់ការប្រកួតនិងការសម្តែងរបស់ ជី ដេវីត ផ្ទៃមេឃបានបញ្ចេញរស្មីយ៉ាងស្រស់ស្អាតទាក់បេះដូងកូនខ្មែរដែលទៅទស្សនាផ្ទាល់និងអ្នកមើលតាមបណ្តាញសង្គមលាន់មាត់សរសើរមិនដាច់ពីមាត់ និងអ្នកចូលរួមបានថតរូបភាព វីដេអូ បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយព្រោងព្រាត ព្រោះផ្ទៃមេឃបែបនេះកម្រនឹងកើតឱ្យចក្ខុឃើញប្រទះឃើញណាស់៕











