Home ព័ត៌មានជាតិ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតណែនាំឱ្យពលរដ្ឋងូតទឹកមិនលើសពី៤ដងក្នុង១ខែ

ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតណែនាំឱ្យពលរដ្ឋងូតទឹកមិនលើសពី៤ដងក្នុង១ខែ

132
0

ប្រទេសចិន ៖ ផលប៉ះពាល់ដោយសារបាតុភូតអេលនីណូបានកើតឡើងជាបន្តបន្ទាប់ និងធ្វើឱ្យភ្លៀងធ្លាក់តិចជាងធម្មតា ហើយប្រទេសជាច្រើនប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។ ចំណែកនៅប្រទេសចិនក៏បានជួបនឹងគ្រោះរាំងស្ងួតដែរ បើទោះជានៅឆ្នាំ២០២៣ នេះ គ្រោះរាំងស្ងួតនឹងមិនធ្ងន់ធ្ងរស្មើនឹងឆ្នាំ២០២២ ក្តី ប៉ុន្តែដោយសារអាកាសធាតុកាន់តែក្តៅ និងបរិមាណទឹកភ្លៀងធ្លាក់ចុះតិចតួច គេគិតថា នៅតំបន់ភាគកណ្តាល និងភាគនិរតីប្រទេសចិនត្រូវប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំង ។

ហេតុនេះ ខេត្តជាច្រើននៅប្រទេសចិនបានណែនាំឱ្យពលរដ្ឋជួយសន្សំសំចៃទឹក ដើម្បីរក្សាបរិមាណទឹកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមួយកន្លែងនៅទីក្រុងហុយតង ខេត្តលៀងសាន និងខេត្តស៊ីឈួន បានជូនដំណឹងទៅកាន់ពលរដ្ឋថា នាពេលកន្លងមក បរិមាណភ្លៀងធ្លាក់ក្នុងតំបន់មានតិចតួច ហើយបច្ចុប្បន្ន ទីក្រុងកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ផ្គត់ផ្គង់ពលរដ្ឋ ។ ក្រុមហ៊ុននេះប្រកាសថា ក្រុមហ៊ុននឹងផ្អាកការផ្គត់ផ្គង់ទឹកនៅពេលយប់ ដើម្បីរក្សាបរិមាណទឹកស្អាតសម្រាប់ប្រើប្រាស់ឱ្យគ្រប់គ្រាន់ ។

គេសង្កេតឃើញថា ការណែនាំរបស់ក្រុមហ៊ុនឱ្យពលរដ្ឋសន្សំសំចៃទឹកនោះ ចំណុចទី១២ បញ្ជាក់ថា ការងូតទឹកញឹកញាប់ពេក គឺមិនល្អសម្រាប់សុខភាពស្បែកទេ ។ ដូច្នេះ ពលរដ្ឋគួរងូតទឹកពី២ដង ទៅ៤ដងប៉ុណ្ណោះក្នុង១ខែ វាសមរម្យបំផុត ។ ប៉ុន្តែពលរដ្ឋរស់នៅទីក្រុងហុយតងមានចម្ងល់នឹងការណែនាំនេះ ហើយពួកគេយល់ពីស្ថានការណ៍ខ្វះខាតទឹកប្រើប្រាស់នាពេលបច្ចុប្បន្ន ។ មនុស្សជាច្រើននិយាយថា បើឱ្យពលរដ្ឋងូតទឹកពី២ដង ទៅ៤ដងប៉ុណ្ណោះក្នុង១ខែ ខណៈប្រទេសចិនកំពុងមានអាកាសធាតុក្តៅបែបនេះ គឺជារឿងពិបាកធ្វើ ។

ចំណែកអ្នកជំនាញនៅចិនលើកឡើងថា ការត្រឡប់មកវិញនៃបាតុភូតអេលនីណូនៅឆ្នាំ២០២៣ នឹងធ្វើឱ្យប្រទេសចិនប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ។ កាលពីឆ្នាំ២០០៩ ប្រទេសចិនធ្លាប់ជួបនឹងបាតុភូតអេលនីណូ ហើយចិនបានប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងក្នុងតំបន់ជាច្រើន និងមានរយៈពេលយូរខែ គឺចាប់ពីខែមិថុនា ឆ្នាំ២០០៩ រហូតដល់ខែមេសា ឆ្នាំ២០១០ ៕ ប្រភព ៖ Mono News