ប្រទេសជប៉ុន ៖ អាជ្ញាធរមូលដ្ឋាន និងសមាគមទេសចរណ៍នៅប្រទេសជប៉ុនបានដាក់សំណើមួយទៅកាន់អាជ្ញាធរប្រចាំទីក្រុង Yamanashi ឱ្យចេញវិធានការគ្រប់គ្រងចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅភ្នំហ្វូជិ ។ វិធានការគ្រប់គ្រងចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅលើភ្នំក្នុងឆ្នាំ២០២៣ ដើម្បីធានាសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរ និងសម្រួលដល់ការរកកន្លែងស្នាក់នៅឱ្យកាន់តែស្រួល ។
ការដាក់សំណើទៅកាន់អាជ្ញាធរប្រចាំទីក្រុង Yamanashi បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក ក្រោយពីគេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅភ្នំហ្វូជិបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសជប៉ុនបានបន្ធូរបន្ថយវិធានការរឹតបន្តឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប៉ុន្តែគេមិនបានបញ្ជាក់អំពីរយៈពេល ឬចំនួនភ្ញៀវទេសចរដែលអាចឡើងមកលើភ្នំហ្វូជិនៅឡើយទេ ។
នៅលើកំពូលភ្នំហ្វូជិគ្របដណ្តប់ទៅដោយព្រិលពេញមួយឆ្នាំ ហើយគេបានបើកឱ្យភ្ញៀវទេសចរឡើងមកកម្សាន្តលើភ្នំនេះ ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ។ ហេតុនេះ ធ្វើឱ្យមានភ្ញៀវទេសចររាប់រយនាក់មកកម្សាន្តនៅតំបន់ព្រៃភ្នំ និងឡើងលើភ្នំហ្វូជិពេលយប់ ដើម្បីទស្សនាព្រះអាទិត្យនាពេលព្រឹក ។
ភ្ញៀវទេសចរឡើងមកលើភ្នំនេះ មិនអាចកក់បន្ទប់ស្នាក់នៅលើភ្នំបានទេ ហើយពួកគេត្រូវដើរឡើងភ្នំដោយគ្មានកន្លែងស្នាក់នៅក្នុងអំឡុងពេលធ្វើដំណើរ ។ ដូច្នេះ ភ្ញៀវទេសចរទាំងនោះអាចមានអាការៈវិលមុខ, ក្អួតចង្អោរ និងសីតុណ្ហភាពក្នុងរាងកាយធ្លាក់ចុះខុសពីធម្មតា ។ លើសពីនេះ បើមានភ្ញៀវទេសចរឡើងលើភ្នំច្រើនប៉ុនណា នឹងធ្វើឱ្យថ្មធ្លាក់ពីលើភ្នំកាន់តែច្រើន ដែលអាចធ្វើឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ ៕ ប្រភព ៖ Mono News










