មានការចែកចាយព័ត៌មាននៅលើបណ្តាញសង្កមទិកតុកថា ក្រុមផលិតរឿងខ្លីជ្រកក្រោមឈ្មោះថាជារឿងអប់រំបង្កប់ឈុតអាសអាភាសតាមពិតក្រុមនោះត្រូវនាយកដ្ឋានភាពយន្តភាពយន្តធ្លាប់ហៅមកអប់រំម្តងហើយ ប៉ុន្តែនៅតែផលិតរឿងបែបនេះដដែលមិនកោតខ្លាច ច្បាប់វិន័យនិងក្រសួងសោះ។
ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីមានផេកមួយឈ្មោះថាBro Kdey Short Film ថតរឿងខ្លីលាយឡំនឹងឈុតមិនសមរម្យលាយអាសអាភាសជ្រកក្រោមឈ្មោះថាជារឿង អប់រំ រហូតពលរដ្ឋបានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរមានចំណាត់ការជាដាច់ខាតលើក្រុមនេះ ព្រោះការសម្តែងបែបនេះពិតជាជះឥទ្ធិពលខ្លាំងណាស់ជាពិសេសទៅលើយុវវ័យតែម្តង។
យ៉ាងណាមិញបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃនេះ នៅលើបណ្តាញសង្គមទិកតុកបានចែកចាយដំណឹងថា ក្រុមផលិតរឿងនេះធ្លាប់ចូលខ្លួនមកដោះស្រាយជាមួយលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តម្តងហើយ ប៉ុន្តែក្រុមនេះនៅតែផ្គើនហ៊ានផលិតរឿងបែបមិនសមរម្យនេះដដែល។
ជាមួយគ្នានេះដែរ មិនត្រឹមតែផេកឈ្មោះ Bro Kdey Short Film ផលិតរឿងខ្លីលាយឡំឈុតស្រាបស្រាលប៉ុណ្ណោះទេ តែក៏មានផេកក្រុមមួយចំនួនបានសម្តែងក្នុងរូបភាពស្រដៀងគ្នាបែបនេះដើម្បីចង់តែទាក់ទាញចំណាប់អារម្មណ៍ Like, Share ,Comment ។ ក្នុងនោះដែរ ពលរដ្ឋក៏ស្នើដល់ក្រសួងវប្បធម៌ នាយកដ្ឋានភាពយន្ត គួរមានវិធានការឬចំណាត់ការណាមួយទៅក្រុមមួយចំនួនផលិតរឿងបង្ហោះលើបណ្តាញសង្គម គួរតែសុំការអនុញ្ញាត្តិពីក្រសួងជាមុនសិនឬបែបណាមួយមុនផេកនោះចេញផ្សាយ ជៀសវាងមានភាពមិនសមរម្យ ប៉ះពាល់ដល់សីលធម៌សង្គម៕











