រកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងខេត្តកោះកុង ក្នុងខែមិថុនាដែលសំបុកនោះមានពងចំនួន២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ការរកឃើញសំបុកសត្វកម្រនេះធ្វើឡើងរវាងក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន។ ក្នុងនោះដែរ សំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើ ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ ដោយរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត។
គួរបញ្ជាក់ថា ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។ ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ក្បាល ដូច្នេះការរកឃើញសំបុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ៕










