ព្រៃភ្នំ គឺជាតំបន់ពោរពេញទៅដោយរុក្ខជាតិ ព្រៃឈើក្រាស់ៗ និងជាជម្រកសម្រាប់ហ្វូងសត្វនានាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងព្រៃធំៗភាគច្រើន តែងតែមានពពួកអមនុស្ស ឬវិញ្ញាណ ដែលយើងមិនអាចមើលឃើញបាន។ ដូច្នេះហើយខាងក្រោមនេះគឺជាត្រណមសំខាន់ៗ ៤ យ៉ាងសម្រាប់អ្នកដែលចូលចិត្តដើរព្រៃ៖
១.មិនត្រូវនិយាយអ្វីផ្តេសផ្តាស ប៉ះពាល់ដល់អ្នកតាព្រៃភ្នំ អ្នកកំបាំង អ្នកសច្ចំ បង់បត់ ឬថាមិនខ្លាច មិនជឿថាមានអស់លោកទាំងនោះជាដើម។ ស្រួលមិនស្រួល យប់មិនទាន់ លោកអ្នកនឹងឃើញហេតុការណ៍ចម្លែកៗដូចជា ធ្វើឱ្យង្វេងក្នុងព្រៃ ឬបង្កការរំខានមិនឱ្យដេកបាន ឬជួបប្រទះសត្វកាចសាហាវ ឬធ្វើឱ្យអ្នកនិយាយនោះឈឺជាដើម។
២.មិនត្រូវពោលពាក្យប្រមាថមើលងាយគ្នាឯង ដែលរួមដំណើរជាមួយ ឬ ជេរប្រទេចដាក់បណ្តាសាដោយប្រើពាក្យ ល្វីង ជូរ ចត់ នោះទេ ព្រោះអាចនាំឱ្យមានហេតុការណ៍មិនល្អក្នុងក្រុម ដូចពាក្យចាស់លោកពោលថា មាត់ស៊ីអំបិលប្រហុក។
៣.មិនត្រូវនិយាយពាក្យថា តិចវង្វេងទៅ ប្រយ័ត្នខ្លាខាំ ខ្លាចខ្មោចលង ប្រយ័ត្នឈឺនេះឈឺនោះ ពោលគឺមានសេចក្តីបារម្ភអ្វីក៏ដោយ គេមិនត្រូវនិយាយចេញជាដាច់ខាត ព្រោះអាចនឹងកើតភ្លាមៗតាមមាត់ខ្លួនដែលនិយាយនោះ។
៤.ចំពោះអ្នកដើរព្រៃត្រូវមានការប្រុងប្រយ័ត្ននូវកាកសំណល់ផ្សេងៗដែលខ្លួនបាននាំយកទៅជាមួយ ជាពិសេសគឺមិនត្រូវបង្កគ្រោះថ្នាក់ដល់សត្វព្រៃ ឬបង្កឱ្យមានភ្លើងឆេះព្រៃនោះទេ ពីព្រោះថាព្រៃគឺជាជម្រកនៃសត្វទាំងឡាយ ក៏ជាទីជម្រកនៃរបស់អរូបីយផងដែរ បើអ្នកប៉ះពាល់ដល់ជីវិតរបស់ពួកគេ នោះពួកគេក៏មិនឱ្យអ្នកមានក្តីសុខដែរ៕










