តើនារីៗជឿឬទេថា ការអនុវត្តទម្លាប់នៅពេលព្រឹកអាចជួយឱ្យរាងកាយរំលាយអាហារបានល្អ និងសម្រកទម្ងន់បាន ។ យើងអាចអនុវត្តតាមវិធីទាំង៥នេះជារៀងរាល់ព្រឹក ដើម្បីជួយសម្រកទម្ងន់យ៉ាងមានសុវត្ថិភាព និងប្រសិទ្ធភាព ។
១-សម្រាកឱ្យបានគ្រប់គ្រាន់ ៖
ការសម្រាកបានគ្រប់គ្រាន់មានសារសំខាន់យ៉ាងខ្លាំង ហើយមិនគួរប្រញាប់ភ្ញាក់ពេកទេ បើយើងមិនទាន់បានសម្រាកគ្រប់គ្រាន់ ព្រោះការសម្រាកបានគ្រប់គ្រាន់តាមរាងកាយត្រូវការ គឺវានឹងជួយឱ្យរាងកាយអាចរំលាយអាហារបានល្អ ។ ដូច្នេះ ការសម្រាកគ្រប់គ្រាន់ និងបានយូរនោះ តម្រូវឱ្យយើងដាក់ផែនការសម្រាកនៅពេលយប់ឱ្យល្អ ។ ផ្ទុយទៅវិញ ការសម្រាកមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យយើងឆាប់ឡើងទម្ងន់ ហើយវានឹងបង្កើនអរម៉ូនធ្វើឱ្យយើងចង់បរិភោគអាហារ និងបង្កើនជាតិខ្លាញ់ទៀតផង ។
២-ផឹកទឹកនៅពេលព្រឹក ៖
នៅពេលភ្ញាក់ពីគេងនៅពេលព្រឹក យើងអាចផឹកទឹកមុនគេ ហើយយកល្អ គួរផឹកទឹកក្តៅ ឬទឹកមានសីតុណ្ហភាពធម្មតា ។ ការផឹកទឹកមុនពេលបរិភោគអាហារនឹងជួយជំរុញឱ្យរាងកាយឆាប់រំលាយអាហារ, ជួយលាងជាតិពុលក្នុងខ្លួន និងធ្វើឱ្យពោះវៀនមានចលនាល្អ ។ ចំណុចសំខាន់ ការផឹកទឹកពេលព្រឹក គឺជាការបង្កើនសីតុណ្ហភាពក្នុងខ្លួន ហើយពេលសីតុណ្ហភាពរាងកាយកើនឡើង វានឹងអាចជួយរំលាយអាហារ និងធ្វើឱ្យរាងកាយអាចបំផ្លាញកាឡូរីបានរហ័ស ។
៣-ផឹកទឹកតែ ឬកាហ្វេមិនដាក់ស្ករ ៖
ការផឹកទឹកតែ ឬកាហ្វេមិនដាក់ស្ករនៅពេលព្រឹកអាចធ្វើឱ្យរាងកាយទទួលបានជាតិកាហ្វេអ៊ីន ព្រោះជាតិកាហ្វេអ៊ីនបានរួមចំណែកដល់ការរំលាយអាហារ ប៉ុន្តែស្ត្រីទាំងអស់គួរចៀសវាងផឹកតែ ឬកាហ្វេដាក់ស្ករ ឬដាក់ទឹកដោះគោ ព្រោះវាអាចបំផ្លាញសុខភាពបាន ហើយវាធ្វើឱ្យការរំលាយអាហារក្នុងរាងកាយមិនបានល្អ ។
៤-បរិភោគអាហារមានជាតិប្រូតេអ៊ីន ៖
យើងគួរបរិភោគអាហារប្រភេទប្រូតេអ៊ីននៅពេលព្រឹក ព្រោះអាហារប្រភេទនេះអាចជួយឱ្យយើងឆ្អែតបានយូរ និងជួយការពារកុំឱ្យឆាប់ឃ្លានអាហារ ដែលផ្តល់ផលមិនល្អដល់សុខភាព ។ ក្រៅពីនេះ អាហារប្រូតេអ៊ីនអាចជួយកាត់បន្ថយការហេវនៅពេលថ្ងៃ និងកាត់បន្ថយការបរិភោគនំចំណីក្រោយការបរិភោគបាយ ។ លើសពីនេះ អាហារប្រូតេអ៊ីនអាចជួយបង្ខំឱ្យរាងកាយឆាប់រំលាយអាហារ និងសម្រកទម្ងន់ ។
៥-ទទួលយកពន្លឺព្រះអាទិត្យ និងវីតាមីន D ៖
ការទទួលយកពន្លឺព្រះអាទិត្យនៅពេលព្រឹកដើម្បីឱ្យរាងកាយទទួលបានវីតាមីន D និងជួយពន្លឿនការរំលាយអាហារក្នុងខ្លួន ព្រោះវីតាមីន D មានភាពចាំបាច់ដល់រាងកាយ ហើយរាងកាយរបស់យើងងាយនឹងខ្វះវីតាមីន D ណាស់ ។ ដូច្នេះ នៅពេលព្រឹក ស្ត្រីទាំងឡាយគួរដើរនៅខាងក្រៅផ្ទះដើម្បីទទួលបានពន្លឺព្រះអាទិត្យ និងវីតាមីន D ដែលអាចកាត់បន្ថយខ្លាញ់ក្នុងខ្លួន ៕
ប្រភព ៖ sanook










