អ្នកលេងបណ្តាញសង្គមប្រាកដជាដឹងហើយថា រឿងទំពាំងបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងដោយមួយផ្នែកធំបានរិះគន់ទៅកាន់ម្ចាស់ទំពាំងថាជាមនុស្សម៉ៅស្វិត ខណៈមានអ្នកប្រកាសឧបត្ថម្ភដល់បុរសជាអ្នកលួចទំពាំងដោយសារតែក្តីអាណិតអាសូរបុរសនោះថែមទៀត។ យ៉ាងណាមិញ ហាក់ផ្ទុយពីមហាជនមួយភាគធំតារាចម្រៀង២រូបរួមមានលោក វេហាស៍ និងកញ្ញា Ella បានយល់ឃើញផ្សេងពីនេះ។
នៅលើបណ្តាញសង្គម កញ្ញា Ella តួឯកស្រីក្នុងរឿង ស្នាមញញឹមចុងក្រោយ បានលើកឡើងថា «ខ្ញុំសូមអធ្យាស្រ័យជាមុនបើខ្ញុំនិយាយខុស បងប្អូនមានសិទ្ធិអាណិតពូ តែកុំជេរកុំស្តីឱ្យម្ចាស់គេអាក្រក់ៗពេក មីងគាត់រៀងជ្រុលត្រង់គាត់ថតបង្ហោះ តែមិនគួរបន្ទោស ឬ និយាយអាក្រក់ទៅអ្នកមីងទេ។ ខ្ញុំឃើញពូលួចទំពាំង ខ្ញុំនឹកឃើញកាលពីមុនម៉ែខ្ញុំដាំចេក វាស្រគៀលលក់បានហើយ គាត់គិតថានឹងបានកម្រៃខ្លះមកទិញអង្ករហូប តែអ្នកជិតខាងលួចទៅបាត់ ម៉ែអង្គុយមើលដើមចេកគេកាប់បាត់ មិនដឹងមានលុយឯណាទិញអង្ករឱ្យកូនហូប»។
តារាសម្តែងរូបនេះបន្តថា «ឪពុកខ្ញុំពិការដៃមួយចំហៀង ម្តាយខ្ញុំតូចល្អិត គីឡូតែ 30ជាងទេ កាលនោះគាត់អាយុប្រហែល 50ជាង តែគាត់ធ្វើសំណង់ គាត់ស៊ីឈ្នួលគេបេះបន្លែ ជិះទូកឆ្លងទន្លេទៅធ្វើការលើកោះ មកវិញឆ្លៀតពេលដាំបន្លែទុកហូប។ បងស្រីខ្ញុំវិញពិការជើងទាំង2 តែគាត់ធ្វើការរកលុយ ពួកគាត់អាចរកលុយឲ្យកូន ឱ្យប្អូនរៀនចប់បរិញ្ញាបត្របាន។ គាត់មិនដែលលួច គាត់បង្រៀនកូនឲ្យធ្វើល្អហាមលួច កុំលើកដៃសុំគេ បើអត់កូនត្រូវខំរក រកដល់កូនងើបលែងរួច។ ចុះពូ ? គាត់មានម៉ូតូជិះ នៅក្មេង មាំទាំ បើអត់មិចមិនសុំ? បើអត់មិចមិនធ្វើការដូចអាហារហូប?»។
ងាកទៅកាន់លោក វេហាស៍ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ វិញបានលើកឡើងថា «លួចរបស់គេគឺខុស តែមុខចោរកម្សត់ពេកក៏ទៅជាជនរងគ្រោះវិញ
ចំណែកអ្នកត្រូវគេលួច ដោយសារកំហឹងខឹងនិយាយប្រ៉ាវៗ ក៏ទៅជាជនអាក្រក់ជនកំណាញ់ម៉ៅស្វិត ក្នុងភ្នែកមហាជនវិញ»។ ចំពោះសំណេរទី២លោកបានលើកឡើងថា
«និយាយឱ្យត្រង់ ដំណាំម៉ែខ្ញុំខំដាំ បើមានអ្នកលួចកាច់ ក៏ម៉ែខ្ញុំជេរដូចតែគ្នាហ្នឹង!
ជាក់ស្តែងមនុស្សចាស់ស្រលាញ់បន្លែបន្លុកដំណាំចំការគាត់ណាស់» ៕










