លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង និងស្វាមី ឧកញ៉ា អ៊ឹង លីហេង ត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារពី «ឧកញ៉ា»ទៅជា «អ្នកឧកញ៉ា»។ រឿងនេះដែរក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសទៅលើលោកជំទាវ តាំង ហ្គិចលៀង ។
គេចាំបានថាកាលពីចុងខែមីនា ដើមខែមេសា វីដេអូចាស់របស់លោកជំទាវ តាំង ហ្គិចលៀង ដែលជាអគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម ព្រោះតែពាក្យសម្តីប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រ ខណៈលោកជំទាវបានចេញវីដេអូទទួលស្គាល់កំហុសនិងសូមទោសជាសាធារណៈផងដែរ។
យ៉ាងណាមិញ ក្រោយស្ងប់ស្ងាត់រឿងនេះមួយរយៈអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលក្រោយពីឃើញលោកជំទាវ តាំង ហ្គិចលៀង និងស្វាមី ឧកញ៉ា អ៊ឹង លីហេង មានគោរមងារជា «អ្នកឧកញ៉ា» ដែលត្រាស់បង្គាប់ដោយព្រះមហាក្សត្រ។
ក្នុងព្រះរាជក្រឹត្យផ្តល់គោរងារលោកជំទាវ តាំង ហ្គិចលៀង ពីឧកញ៉ា ទៅជាអ្នកឧកញ៉ា គឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ខណៈស្វាមីលោកជំទាវគឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣៕











