ត្រូវបាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារ ហើយរថយន្តក៏ត្រូវខូចខាត និងមិនទាន់ជាពីរបួសព្រោះគ្រោះថ្នាក់ចរាចរណ៍ លោក វង្ស ថាណាន់ តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី ពោលពាក្យយ៉ាងរំជួលចិត្តបន្ទាប់ពីសម្រាកព្យាបាលមួយរយៈ ដោយបានលើកឡើងថាអាណិតខ្លួនឯង មិនដឹងពេលណាបានជាសះស្បើយវិញ និងនិយាយពីមិត្តភក្តិលោកមួយចំនួនមើលឃើញលោកតែពេលត្រូវការជំនួយប៉ុណ្ណោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
ម្ដុំគីឡូម៉ែត្រលេខ១៦ ផ្សារព្រែកព្នៅ ពេលចេញពីច្រៀងកម្មវិធីប្រគំតន្រ្តីមួយដោយមានសភាពបាក់ឆ្អឹងភ្លៅស្តាំធ្ងន់ធ្ងរ។ នៅថ្ងៃទី២៧ ឧសភា តារាចម្រៀងរូបនេះបានប្រាប់មហាជនថាលោកបានចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញហើយ និងបានធូរស្បើយច្រើនហើយពីគ្រោះថ្នាក់នេះ។
យ៉ាងណាដ្បិតតែចេញពីមន្ទីរពេទ្យក្តីលោកនៅមិនអាចត្រលប់ទៅច្រៀងបាននោះទេ ត្រូវការពេលវេលាជាច្រើនខែដើម្បីព្យាបាល ខណៈលោកបានថ្លែងប្រាប់សារព័ត៌មានទៀតថា ការខកខានច្រៀងតាមកម្មវិធីរបស់លោកត្រូវខាតបង់ខ្ទង់១ម៉ឺនដុល្លារ ហើយឡានតែមួយរបស់លោកសម្រាប់ជិះទៅធ្វើការក៏ត្រូវខូចខាតទៀត ហើយប្រាកដណាស់ពេលនេះមានតែចំណាយគ្មានចំណូលលោកនឹងមានបញ្ហាសេដ្ឋកិច្ចមិនខាន។
ជាមួយគ្នានេះ នៅលើបណ្តាញសង្គមរបស់លោកពោលពាក្យយ៉ាងរំជួលចិត្តនាពេលថ្មីៗនេះដែលអាចបញ្ជាក់ថាលោកកំពុងអន់ចិត្តនឹងមិត្តមួយចំនួនអមដោយអារម្មណ៍សោកសៅ។
លោក វង្ស ថាណាន់ បានសរសេរនៅថ្ងៃទី៦ មិថុនា ថា«មិត្តខ្លះ ឃើញយើងគ្រាន់តែជាមិត្តភក្តិពេលគេត្រូវការជំនួយពីយើងតែប៉ុណ្ណោះ…» និងនៅថ្ងៃទី៧ មិថុនា ថា «អាណិតខ្លួនឯងណាស់ មិនដឹងពេលណាបានដូចដើមវិញទេ»។
ក្រោយពីឃើញការបង្ហោះពីរខាងលើរបស់តារាចម្រៀងរូបនេះដោយក្តីអន់ចិត្តបែបនេះ អ្នកគាំទ្ររបស់លោកបានចូលទៅខំមិនលើកទឹកចិត្ត និងជូនពរឱ្យតារាចម្រៀង ថាណាន់ ឆាប់ជាសះស្បើយពីរបួសនិងអាចវិលមកបំពេញការងារសិល្បៈវិញ៕










