រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល ដែលជាផ្លូវថ្មីមួយតភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
ផ្លូវជាតិលេខ២៣នេះ មានប្រវែងសរុបជិត ២០គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ផ្លូវនេះជាសមិទ្ធផលថ្មីមួយដែលជួយកាត់បន្ថយពេលវេលា និងចម្ងាយនៃការធ្វើដំណើរ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីស្រុកកោះធំ សំដៅឆ្លងស្ពានអ្នកលឿង គឺមិនចាំបាច់ត្រូវឡើងទៅផ្លូវជាតិលេខ១នោះទេ គឺអាចធ្វើដំណើរតាមផ្លូវជាតិលេខ២៣ថ្មីនេះ ដល់ផ្លូវជាតិលេខ១៤ នៅស្រុកលើកដែក ហើយឡើងតែចម្ងាយប្រហែល ១៥គីឡូម៉ែត្រ នឹងទៅដល់ស្ពានអ្នកលឿងតែម្តង៕











