សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអង្វរករថ្នាក់ដឹកនាំគណៈសង្ឃនាយកឈប់វាយប្រហារតាមបណ្តាញសង្គមតទៅទៀត ដែលសុទ្ធតែជាក្បាលម៉ាស៊ីនសង្ឃមហានិកាយតែមួយ។ ការអង្វរកររបស់សម្តេចតេជោ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ពេលអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា។
សម្តេច ថ្លែងដោយហួសចិត្តថា «ព្រះអង្គអាចហៅគ្នាមកនិយាយបានទេ ហេតុអ្វីក្បាលម៉ាស៊ីនសង្ឃប្រេះឆាបែបនេះ….. ខ្ញុំព្រះករុណាខ្ញុំសូមអង្វរករពីចម្ងាយចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈគ្រប់ព្រះអង្គ មេត្តាអធ្យាស្រ័យគ្នាទៅកុំបាច់ចេញសេចក្តីប្រកាសអីតាមហ្វេកប៊ុក»។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល បានបង្ហោះសារថាការតែងតាំងមិនត្រឹមត្រូវ ក្រោយពីមានការតែងតាំងគោរមងារព្រះរាជាគណៈ នៃគណៈមហានិកាយចំនួន៣អង្គ។ ជាមួយគ្នានេះ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណៈសង្ឃនាយក បានចេញសេចក្តីថ្លែងការណ៍លើ Facebook ថា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល កំពុងបង្កបញ្ហានៅក្នុងជួរគណៈសង្ឃជាទង្វើដ៏ទុច្ចរិត៕










