នៅថ្ងៃទី២២ ខែឧសភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី បានសម្រេចឃុំខ្លួន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី២នាក់ទៀតរួមមានលោក ញិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសហគមន៍ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញករណីបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា អ្នកទាំង៣ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៧ ឧសភា នៅខេត្តក្រចេះ អំឡុងពេលធ្វើដំណើរត្រឡប់មកភ្នំពេញ។ ក្រោយមកនៅយប់ថ្ងៃទី១៨ ខែឧសភា សមត្ថកិច្ចខេត្តក្រចេះបានបញ្ចូនខ្លួនពួកគេមកខេត្តរតនគិរីវិញ។ បន្ទាប់ពីបញ្ចូនមកដល់ សមត្ថកិច្ចបានចាប់ផ្តើមរៀបចំនីតិវិធីសាកសួរ ខណៈក្រសួងមហាផ្ទៃចោទប្រកាន់ អ្នកទាំងបីមានគម្រោងធ្វើបដិវត្តន៍កសិករ៕











