ប្រទេសថៃ ៖ សារព័ត៌មាននៅប្រទេសថៃចុះផ្សាយថា ខេត្តឈុមផនបានជួបនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងធ្វើឱ្យដំណាំទុរេនដែលជាដំណាំដ៏សំខាន់សម្រាប់នាំចេញទៅក្រៅប្រទេស ងា.ប់ជាបន្តបន្ទាប់ ដោយសារគ្មានភ្លៀងធ្លាក់អស់រយៈពេល២ខែ ។ កសិករក្នុងខេត្តនេះបាននាំគ្នាដាំទុរេននៅគ្រប់ស្រុកទាំងអស់ ប៉ុន្តែក្នុងចំណោមនោះ នៅស្រុកសៈវីបានរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈប្រឡាយទឹករីងស្ងួត ហើយគ្មានទឹកគ្រប់គ្រាន់សម្រាប់ដំណាំកសិកម្មទេ ។
អ្នកស្រី Penporn Panmanee អាយុ៥៨ឆ្នាំ ជាកសិករដាំទុរេននៅស្រុកសៈវី ខេត្តឈុមផន ជាអ្នករងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងអស់ បាននិយាយថា អ្នកស្រីបានដាំទុរេនពូជម៉ន់ថងនៅលើផ្ទៃដីចំនួន១៦រ៉ៃ ក្នុងនោះមានដើមទុរេនចំនួន៣១០ដើម ។ អ្នកស្រីបន្តថា គាត់បានដាំទុរេនចំនួន២ឆ្នាំហើយ ហើយសង្ឃឹមថា នឹងទទួលប្រាក់ចំណូលនាថ្ងៃអនាគត ប៉ុន្តែវាបានងា.ប់ស្ទើរទាំងអស់ ដោយដើមខ្លះជ្រុះស្លឹកអស់នៅសល់តែមែក ហើយដើមខ្លះទៀតងា.ប់ទាំងស្រុងតែម្តង ។
អ្នកស្រីបន្តថា គ្មានភ្លៀងធ្លាក់អស់២ខែហើយ ថ្ងៃខ្លះ មេឃខ្មៅបម្រុងនឹងមានភ្លៀង ប៉ុន្តែបែរជាភ្លៀងមិនធ្លាក់ ហើយពេលនេះ គាត់លំបាកខ្លាំងណាស់ ដោយសារទុរេនពូជម៉ន់ថងងា.ប់ស្ទើរទាំងអស់ ។ គាត់បានបូមទឹកស្រះមកស្រោចទុរេន១ថ្ងៃម្តង និងស្រោចរយៈពេល១០នាទីនៅពេលល្ងាច ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ទៀត ពីព្រោះទឹកក្នុងស្រះរីងស្ងួត ។ ហេតុនេះ គាត់មិនបានស្រោចទឹកទុរេន៣ថ្ងៃ ទើបបណ្តាលឱ្យដើមងា.ប់ ។ គាត់អស់សង្ឃឹមណាស់ ហើយគាត់បានសំណូមពរទៅកាន់មន្ត្រីរដ្ឋាភិបាលឱ្យមកជួយដោះស្រាយទុក្ខលំបាករបស់កសិករផង ។
អ្នកស្រីបន្ថែមថា ជារៀងរាល់ឆ្នាំ មានភ្លៀងសិប្បនិម្មិត ប៉ុន្តែនៅឆ្នាំ២០២៣ នេះ គ្មានភ្លៀងសិប្បនិម្មិតទេ នៅស្រុករបស់គាត់ ។ គាត់បានចំណាយដើមទុនទិញឧបករណ៍ផ្សេងៗសម្រាប់ដាំដំណាំទុរេននៅលើផ្ទៃដីចំនួន១៦រ៉ៃ និងអស់ទឹកប្រាក់ចំនួន១,៥លានបាត ប៉ុន្តែពេលនេះ គាត់ខាតបង់អស់ហើយ ។
អ្នកស្រី Penporn Panmanee បានរៀបរាប់ទាំងទឹកភ្នែកថា អ្នកស្រីបានដាំទុរេនតែម្នាក់ឯងនៅលើផ្ទៃដីដ៏ធំ គឺអ្នកស្រីនឿយហត់ណាស់ទៅហើយ ហើយត្រូវមកជួបនឹងបញ្ហាគ្រោះរាំងស្ងួត គ្មានទឹកប្រើប្រាស់ទៀត វាបានធ្វើឱ្យក្តីសុបិនរបស់អ្នកស្រីរលាយអស់ គឺរយៈពេល២ឆ្នាំទៀតនឹងទទួលបានទិន្នផលទុរេនលក់យកប្រាក់ ។ ចុងក្រោយ លោកស្រីបានត្រឹមតែឈរមើលទុរេនដែលបានដាំដោយផ្ទាល់ដៃ ងា.ប់ជាបន្តបន្ទាប់នៅចំពោះមុខ ៕
ប្រភព ៖ Mono News










