ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុសម្នាក់ ដែលឯកឧត្តម បានជួបកាលពីសប្តាហ៍មុន នៅក្នុងកម្មវិធីមួយនៅក្នុងខេត្តបាត់ដំបង។
មិនបានយូរប៉ុន្មានក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុសនោះឃើញ ដោយមានឈ្មោះថា រុន ភារម្យ ហៅអារ៉យ។
ឯកឧត្តម ក៏បានជជែកលែងជាមួយកុមារា រុន ភារម្យ និងក្រុមគ្រួសារ ដើម្បីស្វែងយល់ស្ថានភាពគ្រួសារ និងការរស់នៅរបស់ក្មេងម្នាក់នោះ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសរសើរមិនដាច់ពីមាត់ ទៅប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មេងប្រុង រុន ភារម្យ ដោយគ្រួសារមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។
ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ឯកឧត្តមបានសម្រេច៖
១) ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ
២) ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត៕










