ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែឧសភា លោក Rangsiman Rome អ្នកនាំពាក្យរបស់គណបក្សកាវក្លៃ បានលើកឡើងអំពីកាលបរិច្ឆេទការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជាមួយគណបក្សផ្សេងៗ (MOU-Memorandum of Understanding) សម្រាប់បង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសថៃ គឺនៅថ្ងៃទី២២ ខែឧសភា ។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ពិតណាស់ នៅថ្ងៃទី២២ ខែឧសភា គឺជាថ្ងៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថៃកាលពីឆ្នាំ២០១៤ ។ ដូច្នេះ យើងមកដល់ចំណុចនេះបាន ដោយសារការធ្វើរដ្ឋប្រហារនៅពេលនោះ ។ ប្រសិនបើគ្មានរដ្ឋប្រហារ ក៏ប្រទេសថៃមិនជួបបញ្ហា និងមានវិបត្តិច្រើនដូចពេលនេះទេ ហើយវានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជា នយោបាយ សង្គម និងបរិស្ថាន ។
អ្នកនាំពាក្យគណបក្សកាវក្លៃរូបនេះបន្តថា ចំណុចទាំងអស់នេះ គឺជាចំណុចចាប់ផ្តើមសម្រាប់អ្វីគ្រប់យ៉ាងដែលបានកើតឡើងកន្លងមក ។ ហេតុនេះហើយ ទើបគណបក្សកាវក្លៃជ្រើសរើសយកថ្ងៃទី២២ ខែឧសភា ដើម្បីបង្ហាញនិមិត្តរូបថា វាជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រប្រទេសថៃចាកចេញពីអតីតកាល ខណៈថ្ងៃទី២២ ខែឧសភា បានធ្វើឱ្យប្រទេសថៃអភិវឌ្ឍន៍យឺតយ៉ាវ ប៉ុន្តែយើងនឹងចាប់ផ្តើមជាថ្មីឡើងវិញ ដើម្បីមិនឱ្យប្រទេសថៃត្រឡប់ទៅរកអតីតកាលម្តងទៀត ។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារវាងគណបក្សឈ្នះឆ្នោតកាវក្លៃជាមួយគណបក្សផ្សេងៗនេះ បានកំណត់កាលបរិច្ឆេទដូចគ្នានឹងថ្ងៃធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដែលក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់បានដណ្តើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ ៕ ប្រភព ៖ khaosod










