នៅក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រកាសឱ្យដឹងថា កីឡាការិនី២រូបរួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី របស់កម្ពុជា និងកីឡាការិនី Ting Wn Quah របស់សិង្ហបុរី ក្លាយជាអត្តពលិកឆ្នើម ដែលអាចរកមេដាយច្រើនជាងគេជូនជាតិមាតុភូមិ។
កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្ម៊ី បានឈ្នះមេដាយសរុបចំនួន៦គ្រឿងតែម្នាក់ឯងរួមមាន៖ មាស ៤គ្រឿង, ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង។ ចំណែកឯ កីឡាការិនីហែលទឹកសិង្ហបុរី Ting Wn Quah វិញបានឈ្នះមេដាយសរុបចំនួន៨គ្រឿង ក្នុងនោះ មេដាយមាស ៦គ្រឿង និងប្រាក់ ២គ្រឿង។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ផ្តល់កិត្តិយសប្រគល់ពាន ជូនកីឡាការិនីទាំងពីររូបផងដែរ នៅក្នុងពិធីបិទកីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិមរតតេជោកាលពីយប់មិញនេះ។
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ដោយកម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ក្នុងនោះទទួលមានមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង ខណៈប្រទេសវៀតណាមបានឈរនៅលេខរៀងទី១ ដែលទទួលបានមេដាយច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ៕










