កាលពីយប់ថ្ងៃទី៥ ខែឧសភា កន្លងទៅ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណា
កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥ ផ្លូវលំ ក្រុម០៧ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានរកឃើញថា ជនសង្ស័យរូបនេះ មិនត្រឹមជាសមត្ថកិច្ចក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាក មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង។
ជនសង្ស័យឈ្មោះ ពេជ្រ និវត្តន៍ ភេទប្រុស អាយុ៣៨ ជាជនស៊ីវិល មានមុខរបបមិនពិតប្រាកដ បានសារភាពថាខ្លួន ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាព ឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និង គំរាមកំហែងជម្រិតទារប្រាក់ ពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយ បក្ខពួកម្នាក់ទៀត ឈ្មោះ កី បច្ចុប្បន្នបានគេចខ្លួនបាត់ទៅហើយ៕












