ក្រោយកម្ពុជា ចាញ់មីយ៉ានម៉ា ២-០ ហើយបានបាត់បង់ឱកាសឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៅក្នុងទឹកដីខ្លួន លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទះប្រទេស បានប្រកាសលាលែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ភ្លាមៗ នៅយប់ថ្ងៃអាទិត្យ ទី៧ឧសភា។
តាមរយៈហ្វេសប៊ុក មានឈ្មោះថា G Sao Sokha ដែលគេដឹងថា ជាហ្វេសប៊ុករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា “បន្ទាប់ពីបរាជ័យ ក្នុងការប្រកួតចម្រុះ ក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំសូមប្រគល់ជូនលោកខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទី ចាប់ពីពេលនេះតទៅ”។
ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូន ដែលបានបញ្ចេញមតិគាំទ្រខ្ញុំ អោយបន្តដំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងសូមអភ័យទោស ដែលរូបខ្ញុំបាទ ពុំអាចនាំកិត្តិយសជូនជាតិបាន តាមរយៈការប្រកួតបាល់ទាត់ ក្នុងព្រិត្តិការណ៍ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ ដែលបានរួមជាមួយខ្ញុំបាទ ធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា មានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច៕ ដោយក្តីគោរពពីខ្ញុំបាទ ឧ. សៅ សុខា»។
ហេតុដូច្នេះ ចាប់ពីពេលនេះតទៅ លោកខៀវ សាម៉េត ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងឡើងកាន់ដំណែងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បន្តពីលោកនាយឧត្តមសេនីយ៍ សៅ សុខា។
សូមជម្រាបផងដែរថា លោកខៀវ សាម៉េត គឺជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយថ្មីៗនេះលោកក៏ទើបតែជាប់ឆ្នោតអណត្តិទី២ ពីឆ្នាំ២០២២ដល់២០២៦ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍៕











