រាល់កម្មវិធីថ្នាក់ជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាធំៗ ពិធីការិនីចាស់វស្សា អ្នកស្រី ប្រាក់ សម្ផស្ស គឺជាធនធានសំខាន់ដែលថ្នាក់ដឹកនាំផ្តល់តួនាទី និងទំនុកចិត្តសម្រាប់ធ្វើការអធិប្បាយនៅក្នុងកម្មវិធី។ ជាក់ស្តែង ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកស្រី ប្រាក់ សម្ផស្ស ជាម្ចាស់សំឡេងនៅក្រោយមហាព្រឹត្តិការណ៍ដ៏សំខាន់នេះ។
អ្នកស្រី ប្រាក់ សម្ផស្ស គឺជាអតីតកីឡាការិនីបាល់ទះ ហើយអ្នកស្រីត្រូវបានគេស្គាល់ថា ជា MC (គណៈចាត់តាំងកម្មវិធី) ផ្នែកកីឡា ដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា តែងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាធំៗ ដោយបទពិសោធន៍លើផ្នែកកីឡាអ្នកស្រីប្រឡូកជាង៤០ឆ្នាំមកហើយ។ ពាក្យពេចន៍ការអធិប្បាយរបស់ពិធីការិនីចាស់វស្សារូបនេះតែងតែទទួលបានការកោតសរសើរពីមហាជន។
តួយ៉ាង សំឡេងនៅពីក្រោយមហាព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ គឺជាសំឡេងរបស់អ្នកស្រី ប្រាក់ សម្ផស្ស ដែលបានញុំាងឱ្យកម្មវិធីកាន់តែជក់ចិត្តដិតអារម្មណ៍ រាល់ការអធិប្បាយ ប្រកាសឈ្មោះថ្នាក់ដឹកនាំ គណៈអធិបតី និងការសម្តែងផ្សេងៗប្រកដដោយភាពល្អអស្ចារ្យ ដែលមហាជនកំពុងផ្ទុះការកោតសរសើរយ៉ាងខ្លាំងដល់អ្នកស្រី ព្រមទាំងលើកឡើងថា ពិធីការិនី ប្រាក់ សម្ផស្ស ជាធនធានសំខាន់ម្នាក់សម្រាប់ប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា នាព្រឹត្តិការណ៍បើកស៊ីហ្គេមកាលពីពេលថ្មីៗនេះក៏មានការចូលរួមពីពិធីករ លោក ជា វណ្ណារិទ្ធ និងពិធីករ-ពិធីការិនី ផ្សេងទៀត ខណៈកម្មវិធីពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏មានវត្តមានអ្នកស្រី ប្រាក់ សម្ផស្ស ផងដែរ៕










