ប្រទេសចិន ៖ ក្រុមសិក្ខាកាមមកពីប្រទេសឡាវបានចូលរួមក្នុងវគ្គអប់រំជំនាញខាងបច្ចេកវិទ្យារថភ្លើង ដោយពួកគេបានរៀនសូត្រពីមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យារថភ្លើងក្នុងគម្រោងអប់រំវិជ្ជាជីវៈ ។ គម្រោងនេះមានគោលបំណងបង្កើតបុគ្គលិកមានជំនាញផ្លូវដែកនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងនៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន នៅស្ថានីយចុងក្រោយរបស់រថភ្លើងប្រទេសចិន និងឡាវ ។
តាំងពីគម្រោងរថភ្លើងប្រទេសចិន-ឡាវបានចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២១មក ប្រទេសឡាវបានមើលឃើញពីសារសំខាន់របស់បុគ្គលិកបម្រើការផ្នែកនេះ ។ ដូច្នេះ ចាប់ពីខែមីនា ឆ្នាំ២០២២ ប្រទេសឡាវក៏បានបញ្ជូនបុគ្គលិកមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញរថភ្លើងជាបន្តបន្ទាប់ ។
សិក្ខាកាមចូលរួមវគ្គអប់រំនេះមានចំនួន៤០នាក់ និងមានគោលបំណងក្លាយជាអ្នកជំនាញរថភ្លើងដំបូងគេរបស់ប្រទេសឡាវ ។ ពួកគេបានផ្តោតជាខ្លាំងលើការរៀនសូត្រនូវមេរៀនផ្សេងៗដូចជា ការប្រើប្រាស់ឧបករណ៍សុវត្ថិភាព និងការដោះស្រាយបញ្ហាក្បាលរថភ្លើង ព្រមទាំងបានហ្វឹតហាត់នៅលើទីលានជាមួយផ្លូវដែកគុនមីងផងដែរ ។
សិក្ខាកាមម្នាក់និយាយថា ខ្លួនបានរៀនសូត្រនូវមេរៀនជាច្រើនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដូចជា គ្រឿងម៉ាស៊ីន និងវិធីបើកបររថភ្លើង ។ រីឯសិក្ខាកាមម្នាក់ទៀតនិយាយថា នឹងយកចំណេះដឹងនេះទៅបង្រៀនអ្នកផ្សេងដើម្បីបង្កើតអ្នកជំនាញរថភ្លើងសម្រាប់ប្រទេសឡាវ និងចង់មានចំណែករួមក្នុងការអភិវឌ្ឍរថភ្លើងឆ្លងកាត់ព្រំដែនចិន-ឡាវផងដែរ ។
សាស្ត្រាចារ្យមកពីវិទ្យាល័យបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីងនិយាយថា សិក្ខាកាមចូលរួមវគ្គអប់រំនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំ បើទោះជាពួកគេគ្មានបទពិសោធន៍ផ្នែកនេះពីមុនក្តី ប៉ុន្តែគ្រប់គ្នាបានព្យាយាម និងធ្វើការងារធ្ងន់ ។ ពួកគេនឹងក្លាយជាបុគ្គលិកសំខាន់ដើម្បីធ្វើឱ្យការងារផ្នែកនេះឱ្យរីកចម្រើន ។
កាលពីថ្ងៃទី១៣ ខែមេសា កន្លងមក ផ្លូវរថភ្លើងចិន-ឡាវបានបើកដំណើរការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ហើយវានឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរយ៉ាងខ្លាំងផងដែរ ៕ ប្រភព ៖ China Face










