នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ទៅប្រជាពលរដ្ឋថៃ ដែលនឹងធ្វើដំណើរមកទស្សនាព្រឹ្តត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ឱ្យនៅឆ្ងាយពីនយោបាយ កុំយកកីឡាមកពាក់ព័ន្ធ និងហាមដាច់ខាតរិះគន់ម្ចាស់ផ្ទះ។
ការលើកឡើងនេះធ្វើឡើងនៅក្នុងអំឡុងពេល ការជួបប្រជុំរបស់លោកប្រាយុទ្ធ និងអត្តពលិកដែលត្រៀមខ្លួនមកប្រកួតសុីហ្គេមកម្ពុជា ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។
លោកប្រាយុទ្ធបានលើកឡើងថា៖ “សុីហ្គេមលើកនេះ ស្ថិតនៅអំឡុងពេលដំណើរការបោះឆ្នោតសកលរបស់យើងនៅថ្ងៃ១៤ ខែឧសភា។ ដូច្នេះយើងកុំយកពេលទៅរិះគន់ម្ចាស់ផ្ទះ ព្រោះប្រសិនបើទទួលយើងមិនបានល្អជាងរបស់គេ គេជាអ្នកទទួលខុសត្រូវ។ យើងត្រូវគិតពីបញ្ហាចម្បងរបស់យើងគឺដំណើរការបោះឆ្នោត។ វាជាបញ្ហា២ផ្សេងគ្នា ដុច្នេះយើងមិនត្រូវយកវាមកលាយបញ្ចូលគ្នាឡើយ។ បើមានរឿងនេះកើតឡើង វាងាវនឹងមានភាពវឹកវរ”។
ទន្ទឹមគ្នានេះដែរ លោកប្រយុទ្ធ ក៏បានសង្កត់ធ្ងន់ ពាក់ព័ន្ទនឹងការដាក់ឈ្មោះគុនខ្មែរផងដែរ ដោយលោកបន្ថែមថា៖ “គេជាម្ចាស់ គេមានសិទ្ធ ហេតុដូច្នេះ យើងកុំខ្វល់។ ការដែលយើងបញ្ចូនអត្តពលិកទៅគឺដើម្បី ដើម្បីបង្កើតទំនាក់ទំនងល្អ ស្រឡាញ់ និងសន្តិភាព មិត្តក្នុងតំបន់”។
សូមជម្រាបផងដែរថា ទាក់ទងនឹងគុនខ្មែរ ថៃមិនបានបញ្ចូនអត្តពលិកគេមកចូលរួមនោះទេ ដោយសារតែខាងម្ចាស់ផ្ទះកម្ពុជាប្រកាន់ជំហរប្រើពាក្យ “គុនខ្មែ” មិនប្រើ Muay Thai៕
ប្រភព៖ Bangkok post










