រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីកូរ៉េខាងត្បូង គ្រាន់តែចុះពីលើយន្ដហោះ ដើរជាន់ទឹកដីរបស់សហរដ្ឋអាមេរិក មិនបានប៉ុន្មានផង ក៏បានស្កាត់ជួបកំពូលមហាសេដ្ឋីរបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ ដើម្បីបញ្ចុះបញ្ចូលលោក អេឡុន ម៉ាស់ (Elon Musk) ឲ្យទៅបោះទុនវិនិយោគ បង្កើតរោងចក្រផលិតរថយន្ដអគ្គិសនីដ៏ធំសម្បើម នៅក្នុងប្រទេសអាស៊ីបូព៌ា ខណៈគាត់កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រទេសជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីផងដែរ។
សារព័ត៌មាន The Korea Times បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ថា បើតាមទីប្រឹក្សារបស់លោកប្រធានាធិបតី បានឲ្យដឹង ថា លោក យូន ស៊ូក យូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបជាមួយនឹងនាយកប្រតិបត្ដិក្រុមហ៊ុនថែស្លា (Tesla) លោក អេឡុន ម៉ាស់ កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៦ថ្ងៃរបស់គាត់ នៅសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បានអំពាវនាវដល់មហាសេដ្ឋីកំពូលរបស់សហរដ្ឋអាមេរិក រូបនេះ ទៅបោះទុនវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
បើតាមលោក ឆយ សាង-មូក (Choi Sang-mok) លេខាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី បានឲ្យដឹង ថា ជំនួបនេះ បានកើតឡើង តាមសំណើរបស់លោក អេឡុន ម៉ាស់ នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក យូន ទៅកាន់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី យូន បានបញ្ជាក់ ថា កូរ៉េខាងត្បូង មានមនុស្សយន្តឧស្សាហកម្ម សម្រាប់ផលិតលំដាប់ថ្នាក់ពិភពលោក និង កម្លាំងពលកម្មកម្រិតខ្ពស់ នឹងធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះ ក្លាយជាទីតាំងដ៏ល្អសម្រាប់ដំណើរការរោងចក្រដ៏ធំសម្បើមរបស់ក្រុមហ៊ុន Tesla ។ ក្រៅពីនេះ លោកប្រធានាធិបតី ក៏នឹងផ្តល់នូវការគាំទ្រផ្សេងៗបន្ថែមទៀត រួមទាំងអត្ថប្រយោជន៍ពន្ធ សម្រាប់ទាក់ទាញរោងចក្រផលិតរបស់ក្រុមហ៊ុនផលិតអគ្គិសនី (EV) ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ ថា លោកមហាសេដ្ឋីអាមេរិក អេឡុន ម៉ាស់ បានប្រាប់ដល់លោកប្រធានាធិបតី យូន ថា ប្រទេសកូរ៉េខាងត្បូង នៅតែជាប្រទេសកំពូលមួយ សម្រាប់ជម្រើសបង្កើតរោងចក្រដ៏ធំសម្បើមរបស់ក្រុមហ៊ុន Tesla ។ គាត់នឹងមានឱកាសណាមួយ ទៅលេងប្រទេសអាស៊ីបូព៌ាមួយនេះ
លោកប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា កូរ៉េខាងត្បូង នឹងផ្តល់នូវការលើកទឹកចិត្ត តាមតម្រូវការ និង កាត់បន្ថយនូវហានិភ័យណាមួយ បង្កឡើង ដោយសហជីពសកម្ម ដើម្បីលើកទឹកចិត្ត ដល់ការវិនិយោគរបស់ក្រុមហ៊ុន Tesla ។ ការលើកឡើងរបស់ប្រមុខរដ្ឋកូរ៉េខាងត្បូង បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលគាត់បានហៅតាមវីដេអូលីង ជួបជាមួយលោកមហាសេដ្ឋី អេឡុន ម៉ាស់ ។
លោកមហាសេដ្ឋី អេឡុន ម៉ាស់ បានប្រកាស កាលពីខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុន Tesla នឹងសាងសង់រោងចក្រថ្មីមួយ នៅក្នុងប្រទេសម៉ិកស៊ិក។ រោងចក្រនោះ នឹងក្លាយជារោងចក្រទី១របស់ក្រុមហ៊ុន Tesla នៅខាងក្រៅទឹកដីរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង ប្រទេសចិន។ ប្រទេសកាណាដា និង ឥណ្ឌូណេស៊ី ក៏នឹងចាត់ទុក ជាប្រទេសប្រកបដោយសក្តានុពល សម្រាប់ការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla ផងដែរ។
បើតាមទស្សនាវដ្ដី Forbes បានឲ្យដឹង ថា បច្ចុប្បន្ន លោក អេឡុន ម៉ាស់ (Elon Musk) បានធ្លាក់មកឈរ នៅលំដាប់លេខ២ នៃមហាសេដ្ឋីកំពូលៗរបស់ពិភពលោក ដោយមានទ្រព្យសម្បត្ដិ សរុប១៩២ពាន់លានដុល្លារអាមេរិក។ លោកមហាសេដ្ឋី អេឡុន ម៉ាស់ ជានាយកប្រតិបត្ដិក្រុមហ៊ុនជាច្រើន រួមមាន ក្រុមហ៊ុន SpaceX, ក្រុមហ៊ុន angel investor, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Boring Company ។ ក្រៅពីនេះ លោក អេឡុន ម៉ាស់ ក៏ជាសហស្ថាបនិក ក្រុមហ៊ុន Neuralink និង OpenAI ហើយក៏ជាម្ចាស់ និង ជានាយកប្រតិបត្ដិបណ្ដាញសង្គម Twitter ថែមទៀតផង៕










