នៅលើទំព័រផេកមួយឈ្មោះថា «PreshKay Chan fans» បានរៀបរាប់រឿងមួយចំនួនទាក់ទងនឹងសិល្បៈខ្មែរនាពេលបច្ចុប្បន្នដែលមនុស្សភាគច្រើនយល់ច្រលំថាឱ្យតែអ្នកល្បីសុទ្ធតែជាអ្នកសិល្បៈ។ អ្នកលក់ឡេ មានលុយមានអំណាច គេស្គាល់ច្រើនដោយសារអាជីពផ្សេង មួយចំនួនត្រូវបានគេហៅថាជាអ្នកសិល្បៈ ខណៈអ្នកសិល្បៈពិតប្រាកដដែលទទួលបានការបណ្តុះបណ្តាលតាមក្បួនខ្នាតត្រឹមត្រូវបែរជាសូវឱ្យតម្លៃ។ ការរៀបរាប់ប្រកបដោយអត្ថន័យខ្លឹមសារស៊ីជម្រៅ អ្នកលេងបណ្តាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍ និងគាំទ្រនូវការលើកឡើងរបស់ទំព័រផេកហ្វេនព្រះកាយច័ន្ទ។
តាមការលើកឡើងរបស់ផេកដដែលបានរៀបរាប់ថា «លក់ឡេសុខៗ មានឈ្មោះជាអ្នកសិល្បៈ មានលុយ មានអំណាច ក្លាយជាអ្នកសិល្បៈ ល្បីគេស្គាល់ច្រើន ដោយអាជីពផ្សេង បានក្លាយជាអ្នកសិល្បៈ ខ្ញុំមិនហាមឃាត់ទេ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិប្រកបអាជីពជាអ្នកសិល្បៈ បានមិនថាខ្លួនធ្លាប់ជាអ្វីនោះទេ តែ សូមគិតថាសិល្បៈជាអាជីព ជាមុខរបរ ជាជំនាញ ដូច្នេះ មិនមែនឱ្យតែមានដុង ស្រឡាញ់តែមួយខ្យល់ៗ អាចចូលសិល្បៈបាននោះទេ» ។
«អ្នកសិល្បៈត្រូវការ ពេលហាត់រៀនមានក្បួនខ្នាត មានវិជ្ជាជីវៈរាប់ឆ្នាំ ទម្រាំគេ មានឈ្មោះជាអ្នកសិល្បៈ។ ចង់យក influencers ល្បីៗ ឬអ្នកផ្សេងមកថត មកសម្តែងក៏យកចុះ តែសូមកុំដាក់ងារគាត់ជាអ្នកសិល្បៈអី អាណិតអ្នកសិល្បៈពិតប្រាកដផង។ សិល្បៈមិនមែនជារបរថោកទាបទេ កុំមកមើលងាយ» ។ នៅប្រទេសគេទម្រាំបានក្លាយជាតារាគេត្រូវសិក្សាស្វែងយល់ច្រើនណាស់ ដោយឡែកក្នុងស្រុកវិញ ឱ្យតែសម្រស់ពេញចិត្តគេ ទោះគ្មានសមត្ថភាពក៏ធ្វើអ្នកសិល្បៈបាន ទាំងល្ងិតល្ងង់ មិនដែលហាត់រៀន គ្មានគ្រូ គ្មាននិស្ស័យ គ្មានការយល់ដឹងពីសិល្បៈ តួសម្តែងខ្លះមិនយល់ផងថា “នាដកម្ម”ជាអ្វី? ទាត់ក្បាលអ្នកមានជំនាញចោល យកតែមនុស្សល្ងង់ បានតែស្អាតសំបកក្រៅមកសម្តែង….។
«PreshKay Chan fans» ក៏បានលើកឡើងទៀតថា អ្នកបុរាណ សិល្បៈតំណាងជាតិ សម្តែងចប់បាន អស់ហើយ $20… តែហាត់ចង់ងាប់ បើនិយាយពីរឿងបុរាណវិញ ចង់តួខុសក្បួនខ្នាតមេចក៏ថាល្អដែរ…. ជាចុងក្រោយ សូមយល់ឱ្យច្បាស់ពីអ្នកសិល្បៈ មិនមែនឱ្យតែអ្នកល្បីសុទ្ធតែជាអ្នកសិល្បៈទេ។
ការលើកឡើងរបស់ផេកខាងលើនេះអ្នកលេងបណ្តាញសង្គមបានផ្ទុះការចែករំលែកយ៉ាងច្រើនដោយពួកគេបានលើកឡើងស្រដៀងគ្នាថា ការលើកឡើងនេះពិតជាត្រឹមត្រូវណាស់ គាំទ្រ១០០ភាគរយ៕












